ក្រសួងព័ត៌មាននៃព្រះ រាជាណាចក្រកម្ពុជា បិទបញ្ចប់សិក្ខាសាលាអាស៊ានប្រកប ដោយជោគជ័យ
AKPភ្នំពេញថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៦--ក្រសួងព័ត៌មាន ក្នុងនាមជាម្ចាស់ផ្ទះ បានរៀបចំពិធីបិទបញ្ចប់ដោយ ជោគជ័យនូវ «សិក្ខាសាលាអាស៊ានស្តីពីការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបរិវត្តកម្មឌីជីថលលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី» នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) កម្ពុជា។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ត្រូវ បានរៀបចំឡើងក្នុង គោលបំណងចែករំលែកបទពិសោធ ស្វែងយល់ អំពីបញ្ហា ប្រឈម និង ផ្លាស់ប្តូរយុទ្ធសាស្ត្ររវាង បណ្តាប្រទេសជា សមាជិក អាស៊ាន ដើម្បីវាយតម្លៃ ផលប៉ះពាល់ នៃបរិវត្តកម្ម ឌីជីថល មកលើប្រព័ន្ធផ្សព្វផ្សាយបុរាណ។ សិក្ខាសាលា នេះ មានការចូលរួម ពីប្រតិភូមកពីរដ្ឋជា សមាជិកអាស៊ានចំនួន ៨ រួមមានកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត វៀតណាម និងលេខាធិការដ្ឋានអាស៊ាន។

អង្គសិក្ខាសាលាបានកំណត់អាទិភាពចំនួន៨ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់រួមមាន៖ (១) ការរៀបចំគោលការណ៍ណែនាំរួមអាស៊ាន (២) ការពន្លឿននវានុវត្តន៍ (៣) ការពង្រឹងភាពជាអ្នកដឹកនាំ (៤) ការបង្កើតម៉ូដែលអាជីវកម្មប្រកបដោយចីរភាព (៥) ការពង្រឹងសមត្ថភាពមន្ត្រី (៦) ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ (៧) ការអភិរក្សបេតិកភណ្ឌវប្បធម៌ និង (៨) ការពង្រឹងភាពជាដៃគូក្នុងតំបន់។ លទ្ធផលទទួលបាន ពីសិក្ខាសាលានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំឯកសារគោលនយោបាយរបស់តំបន់អាស៊ាននាពេលខាងមុខ។

ថ្លែងក្នុងពិធី បិទ សិក្ខា សាលា នេះ ឯកឧត្តម ប្រាក់ ថាវអមិដា បានគូសបញ្ជាក់អំពី ទស្សនទានយុទ្ធសាស្ត្រចំនួន ៦ចំណុច ដើម្បីជាត្រីវិស័យសម្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បរិវត្តកម្មឌីជីថល ត្រូវតែអនុវត្តឱ្យមានលក្ខណៈយុទ្ធសាស្ត្រ និងគ្របដណ្តប់លើស្ថាប័នទាំងមូល។ ទន្ទឹមនេះ ទំនុកចិត្តសាធារណៈ និងសុចរិតភាពព័ត៌មាន ត្រូវតែជាស្នូលនៃការធ្វើបរិវត្តកម្មនេះ។ ឯកឧត្តមបានលើក ឡើង ថា ការប្រើប្រាស់បច្ចេកវិទ្យា AI ផ្តល់ឱកាសយ៉ាងច្រើន ប៉ុន្តែត្រូវតែឈរលើគោលការណ៍ទទួលខុសត្រូវ និងយកមនុស្សជាចម្បង។

បន្ថែមពីនេះ ការបន្តកសាងសមត្ថភាពមន្ត្រីជំនាញ និងការរៀបចំគោលនយោបាយប្រកប ដោយភាពបត់បែនស្របតាមបរិបទជាតិ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ឯកឧត្តមបានបញ្ជាក់ថា បច្ចេកវិទ្យាត្រូវតែដើរតួជាឧបករណ៍សម្រាប់ជួយពង្រឹង និងអភិរក្សភាពចម្រុះនៃវប្បធម៌អាស៊ានឱ្យកាន់តែរឹងមាំ។

ក្នុង ពិធីបិទវគ្គសិក្ខាសាលារយៈពេល ២ ថ្ងៃ ឯកឧត្តម ប្រាក់ ថាវអមិដា បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់វាគ្មិនកិត្តិយស ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ជូនដល់ប្រតិភូសិក្ខាកាមតំណាងរដ្ឋសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាំឱ្យព្រឹត្តិការណ៍កម្រិត តំបន់ ដែលរៀបចំដោយកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយស្មារតីសាមគ្គីភាពអាស៊ានយ៉ាងពិតប្រាកដ៕
ដោយ៖ ក្រុមការងារ





