ឯកឧត្តម សរ សុពុត្រា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលកំពុង ស្នាក់នៅលើទីទួលសុវត្ថិភាពសង្កាត់ស្រះឫស្សី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្ទឹងត្រែង និងអាជ្ញាធរភូមិ ឃុំ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង សរុបចំនួន១៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់សាមគ្គីចំនួន២គ្រួសារ និងសង្កាត់ស្រះឫស្សី ចំនួន១២គ្រួសារ។

ឯកឧត្តម សរ សុពុត្រា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវបរិភោគ ទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា។
ឯកឧត្តម បានបន្តទៀតថានៅក្នុងរដូវស្សាតែងតែមានជំនន់ទឹកភ្លៀងរហ័ស អាចកើតឡើង២ឬ៣ដងក្នុងមួយរដូវ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នជាពិសេស ចាស់ជរា និងក្មេងតូចៗដែលប្រឈមខ្ពស់ការលង់ទឹកបណ្តាលឱ្យបាត់បងជីវិតបាន។
គ្រួសារនីមួយៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកសុទ្ធ១កេស និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





