ពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP កំពង់ចាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៥៨គ្រួសារ ក្នុងស្រុកចំនួនពីរ គឺស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ទទួលបានអំណោយសង្គ្រោះបន្ទាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោមការចុះប្រគល់ដោយផ្ទាល់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលរងគ្រោះដោយមហន្តរាយធម្មជាតិ ទឹកជំនន់ទន្លេមេគង្គដែលបានបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពរស់នៅប្រចាំថ្ងៃ បង្ខំឱ្យបងប្អូនខ្លះត្រូវរុះរើផ្ទះសម្បែង និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតហើយសម្តេចប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងតែចាត់តំណាងចុះអន្តរាគមន៍ និងផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។


ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ ផ្សេងៗពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានដិតដល់ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ពិសេសមូលដ្ឋាននៅជាប់ដងទន្លេ ត្រូវតាមដានជាប់ជាប្រចាំ និងត្រៀមលក្ខណៈជាស្រេច សម្រាប់ការជួយអន្តរាគមន៍ នៅពេលមានហេតុការណ៍អ្វីកើតឡើងធ្វើយ៉ាងណាជួយបានទាន់ពេលវេលា នៅពេលពលរដ្ឋ ជួបការរងគ្រោះ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ១៥៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកាចំនួ៥០.០០០រៀល។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានាំយកសម្ភារ និងបច្ច័យសរុបចំនួន ៨០០.០០០រៀល ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពចំនួន២គ្រួសារ ដែលគ្រួសារ១ដែលរងគ្រោះលង់ទឹក និងគ្រួសារមួយទៀតទទួលមរណភាពដោយជរាពាធ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ដ្រខេត្ត កំពង់ចាមទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ ស្រកចុះ ០,១៦ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺកម្ពស់ទឹកក្នុងកំរិត១៥,២០ម៉ែត្រ។ ស្រុកចំនួន ៦ ជាប់ដងទន្លេមេគង្គកំពុងរងផលប៉ះពាល់៕
ដោយ ឆាយ ម៉ុត





