អភិបាលខេត្តកំពង់ស្ពឺទទួលជួបគណៈប្រតិភូជំនាញការជប៉ុន និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបគណៈប្រតិភូជំនាញការជប៉ុន ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Michiaki Takahashi និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីសក្តានុពល និងស្ថានភាពអភិវឌ្ឍន៍របស់ខេត្តកំពង់ស្ពឺ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសនៃការចូលរួមរបស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍ជប៉ុន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្ត។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជំនាញការជប៉ុន និងបានបង្ហាញពីសក្តានុពលសំខាន់ៗរបស់ខេត្តកំពង់ស្ពឺ រួមមានវិស័យឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចផ្សេងៗ ដែលមានសក្តានុពលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រដ្ឋបាលខេត្ត ក្នុងការសម្របសម្រួល និងគាំទ្រដល់ការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីរួមចំណែកបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើន។

ជាមួយគ្នានេះ គណៈប្រតិភូជំនាញការជប៉ុន បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគនៅខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងព័ត៌មានពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍខេត្តនាពេលខាងមុខ។

ជំនួបនេះត្រូវបានចាត់ទុកថា ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ស្ពឺ និងដៃគូជប៉ុន រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ៖ ម៉ែន ប៊ុនធីម





