ឯកឧត្តម សន សុផល ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់នៅខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ជា សូវិ អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់។

ឯកឧត្តម សន សុផល បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់អ្នកពាក់ព័ន្ធការងារយុត្តិធម៌អនីតិជន ជាពិសេសការផ្សព្វផ្សាយច្បាប់ស្តីពីយុត្តិធម៌អនីតិជន កិច្ចការពារកុមារ ការគ្រប់គ្រងករណី ការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងសមាហរណកម្ម។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏មានការចូលរួមពីអគ្គនាយករងនៃអគ្គនាយកដ្ឋានស្ដារសម្បទា ប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូង តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងពន្ធនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីជំនាញពាក់ពន្ធជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





