អ្នកនាំពាក្យព្រឹទ្ធសភា៖ សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោ និងសម្ដេចធិបតីមានអត្ថន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា កម្ពុជាយើងកំពុងដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹង នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ ថា សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានអត្ថន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា កម្ពុជា កំពុងដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ ហើយបណ្ដាប្រទេសដែលបានចូលរួមនៅក្នុងសន្និសីទនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ពីប្រទេសមួយដែលធ្លាប់តែឆ្លងកាត់សង្គ្រាម ក៏ប៉ុន្តែប្រែក្លាយជាប្រទេសមានសន្តិភាពដែលមកទល់ពេលនេះមានរយៈពេលជិត២៨ឆ្នាំ តាំងពីឆ្នាំ១៩៩៨ ខណៈ កម្ពុជាកំពុងតែពង្រីកខ្លួនក្នុងការដើរតួក្នុងឆាកអន្តរជាតិ កិត្យានុភាពរបស់កម្ពុជា ក្នុងឆាកអន្តរជាតិត្រូវបានទទួលស្គាល់។

ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោបានផ្តល់នូវទស្សនាទានជាច្រើន ក្នុងការលើកកម្ពស់ និងការដោះស្រាយនូវបញ្ហាប្រឈមរបស់ពិភពលោក ជាពិសេសលើកកម្ពស់វប្បធម៌របស់ពហុភាគីនិយម និងការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធីដែលជាចំណុចស្នូលនៃសន្និសីទដែលបានប្រព្រឹត្តទៅរាជធានីភ្នំពេញ។ ឯកឧត្ដមបានលើកឡើងអំពីចំណុចសំខាន់ៗដែលសម្ដេចតេជោបានលើកឡើងទាក់ទងនឹងការដោះស្រាយ និងការពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ រួមទាំងការអំពាវនាវឱ្យមានការអនុវត្តច្បាប់ជាពិសេស ការការពារបូរណភាពទឹកដីរបស់រដ្ឋអធិបតេយ្យនៃប្រទេសនីមួយៗ កុំឱ្យដើរទៅរកឯកតោភាគីនិយម ឬប្រាសចាកពីគោលការណ៍ច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ស្ថាបនិកដឹកនាំ ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្ដែងការកោតសរសើរចំពោះតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ឬវិវាទ ក៏ដូចជាវិបត្តិផ្សេងៗដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងពេលកន្លងមក ក៏ដូចជានៅពេលនេះដើរតួនាទីជាប្រធាននៃសន្និសីទ ដែលបង្ហាញអំពីការចូលរួមចំណែករបស់កម្ពុជា។

សូមជម្រាបជូនថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកដំណើរការជាផ្លូវការ នាព្រឹកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា ឆ្នាំ២០២៦៕
ដោយ៖ ទេស ច័ន្ទសុធារី





