សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្មណ៍សាកលផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកជាផ្លូវការសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិ រួមមានគោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញអាស៊ាន ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ និងប្រទេសក្នុងតំបន់អាស៊ានដែលបាននាំមកនូវបទឈប់បាញ់ នូវការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការបន្តគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចជារួមថា «ច្បាប់មិនអាចការពារសន្តិភាពបានទេ ប្រសិនបើរដ្ឋណាមួយត្រូវបានទុកចោលឱ្យនៅឯកោ នៅពេលដែលវិធានច្បាប់ត្រូវបានបំពាន ចំណុចនេះហើយដែលសាមគ្គីភាពជាធ្លុងមួយឆ្លុះបញ្ចាំងពីអត្ថន័យពេញលេញរបស់ខ្លួន»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជម្រាបអង្គសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារក៏ដោយ។
សកម្មភាពយោធាថៃដើម្បីបង្កើតការពិតជាក់ស្តែងនៅនឹងកន្លែងនៅក្នុងទឹកដីដែលគ្រប់គ្រងទាំងនេះ ដូចជាការដាក់លួសបន្លា និងកុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដីគោកទាំងយោធា និងស៊ីវិល ក៏ដូចជាការចេញបណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋថៃ មុនពេលការងារបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP





