ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាលត្រូវបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទឱ្យទទួលបានជោគជ័យ
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានធ្វើការត្រួតពិនិត្យ និងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងចម្រុះដែលកំពុងប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅក្នុងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបន្តធ្វើសកម្មភាពឱ្យដូចភ្លៀងរលឹមដើម្បីបង្ក្រាបឱ្យបាននូវឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងរដូវបិទនេសាទ ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្ដមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវរាល់បទល្មើសនេសាទខុសច្បាប់។ ខេត្តកំពង់ធំបានរៀបចំកម្លាំងចម្រុះដែលមានកងកម្លាំងប្រដាប់អាវុធទាំងបីមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ បង្កើតទីបញ្ជាការស្រាលចំនួន២គោលដៅ នៅតំបន់មាត់បឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយកន្លងទៅនេះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំងពីរបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ដោយក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ បានបំផ្លាញចោលរបាំងស្បៃមុង និងរបាំស្បៃអួនខុសច្បាប់បានប្រវែងរាប់ម៉ឺនម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត ពិសេសឧបករណ៍ឆក់ត្រីត្រូវបានរឹបអូស និងជនសង្ស័យមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង ២ គោលដៅ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកអនុសេនីយ៍ឯកហែម ថន និងនៅឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានធ្វើសកម្មភាពកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដែលមានរបាំងស្បែមុង និងរបាំងស្បៃអួនបានប្រវែងប្រមាណ៦១០ម៉ែត្រ ឡុកស្បៃមុងចំនួន៣៦គ្រឿង លប ឬលូស្បៃមុងចំនួន៣៧មាត់ បង្គោលឈើប្រមាណ៣៥០ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួន៥៥ គីឡូក្រាម ដែលកំពុងដាក់ធ្វើសកម្មភាព ក្នុងរដូវបិទនេសាទ ដែលជារយៈពេលត្រីកំពុងពងកូន និងបានបញ្ជាឱ្យកងកម្លាំងទាំងអស់ត្រូវសហការបន្តធ្វើសកម្មភាពឱ្យដូចភ្លៀងរលឹមដើម្បីធ្វើឱ្យផលត្រីរបស់យើងបានសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

ដោយ ស៊ុម វណ្ណា





