រដ្ឋមន្រ្តីសុខាភិបាល៖ «ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់”
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣០៥៦នាក់ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនអំពីពត៌មានត្រឡប់ជាវិជ្ជមានលើសេវាមណ្ឌលសុខភាព និងបានទទួលយកការប្តេជ្ញាចិត្តរបស់មណ្ឌលសុខភាព ក្នុងការបន្តធ្វើឱ្យការផ្តល់សេវាកាន់តែប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានរំលឺកពីស្ថានការណ៍ដែលត្រូវយកចិត្តទុកដាក់រួមមាន ទឹកជំនន់ដែលកំពុងហក់ឡើង ជំងឺគ្រុនឈាម ដែលមិនទាន់ថយចុះ និង ជំរុញឱ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកជំងឺតាមរយៈការផ្តល់ការជួយព្យាបាល និងការបញ្ជូនឱ្យបានសមស្រប និងច្បាស់លាស់តាមជំនាញបច្ចេកទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្តផ្តល់បឋកថាលើប្រធានបទ ការទទួលយកនូវភាពមិនប្រាកដប្រជា ដែលជាផ្នែកមួយក្នុងដំណើរ នៃការផ្តល់សេវា និង ត្រូវប្រើប្រាស់សមត្ថភាពក្នុងបំលែងភាពមិនច្បាស់លាស់ និងមន្ទិលសង្ស័យឱ្យក្លាយជាប្រភពថាមពលសម្រាប់សិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងរកដំណោះស្រាយដែលមានលក្ខណៈកាន់តែមានភាពប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពគោកចកដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានចែករំលែកវឌ្ឍនភាពរបស់មណ្ឌលសុខភាពក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូ នៅឆ្នាំ២០២៥។ បទបង្ហាញបានរំលេចពីកត្តាដែលនាំទៅរកភាពជោគជ័យដែលរួមមាន ការតាំងចិត្ត ឆន្ទៈ និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាបណ្តើរៗតាមរយៈ ការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ផ្តល់ភាពរស់រាយរាក់ទាក់ ភាពស្អាត ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





