មន្ទីរកសិកម្មចុះចាក់ថ្នាំការពារជំងឺសារទឹក គោ ក្របី នៅឃុំកែវផុស
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ទីរកសិកម្មខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខភាពសត្វចុះចាក់ថ្នាំការពារជំងឺសារទឹក គោ ក្របីប្រជាពលរដ្ឋនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពចុះចាក់ថ្នាំជំងឺសារទឹក គោ ក្របីប្រជាពលរដ្ឋនៅឃុំកែវផុស ទទួលបានលទ្ធផលក្របីនៅឃុំកែវផុសសរុបចំនួន ២២៥ក្បាល។

ក្នុងឱកាសនោះ មន្ត្រីបសុព្យាបាលក៏បានធ្វើការចែកជូននូវថ្នាំការពារ ថ្នាំព្យាបាល និងសម្ភារៈបរិក្ខាបសុពេទ្យមួយចំនួន ដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចាក់បន្ត។ ជាមួយគ្នានោះដែរ លោកអនុប្រធានមន្ទីរកសិកម្មខេត្ត ក៏បានធ្វើការណែនាំដល់ភ្នាក់ងារពេទ្យសត្វភូមិ ឃុំ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាពសត្វរបស់ខ្លួន ប្រសិនបើមានជំងឺផ្ទុះឡើង ត្រូវរាយការណ៍មកមន្ទីរ ដើម្បីមន្ទីរបញ្ជូនមន្ត្រីរបស់យើងចុះអន្តរាគមន៍បានទាន់ពេលវេលា៕

ដោយ ងូ សុមុនី





