ឯកឧត្ដម ឆាយ ឫទ្ធិសែនអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

លោក ទូច ស៊ីផាត អគ្គនាយកស្ដីទីនៃអគ្គនាយដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ នៅក្នុងខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងរួមមាន៖
កម្មវិធីទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់, កម្មវិធីទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ, កម្មវិធីទី៣.ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, កម្មវិធីទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៥.ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលក្រសួងសម្រេចវឌ្ឍនភាពការងារក្នុងខែសីហាបាន ១០,៧៣% និងគិតជារួមក្នុងរយៈពេល ៨ខែ សម្រេចបានរហូតដល់ ៧២,៦២%។

លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានក្នុងខែសីហា និងលទ្ធផលរយៈពេល ០៨ខែ ក្នុងឆ្នាំ២០២៦ ធៀបនឹងឆ្នាំ២០២៥ និងធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំ២០២៦នេះផងដែរ។ បន្ទាប់មកអង្គប្រជុំ បានពិនិត្យនិងពិភាក្សាយ៉ាងល្អិតល្អន់ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួន ធ្វើឱ្យរបាយការណ៍លទ្ធផលការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទិសដៅការងារដែលបានដាក់ចេញ អាចអនុវត្តបានជោគជ័យប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ស្របតាមផែនការក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៦នេះ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមក៏ បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ជូនដល់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពទាំងអស់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅតំបន់ជនបទ៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





