មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីពង្រីកសេវាពន្យារកំណើតដាក់កងក្នុងស្បូន
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦– ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅមូលដ្ឋាន ត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ ទទួលបានសេវាសុខភាពបន្តពូជដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ក្នុងទិសដៅនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តជំរុញការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកមណ្ឌលសុខភាព ស្តីពីការដាក់កងក្នុងស្បូន ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាពន្យារកំណើតនៅតាមមូលដ្ឋាន។

លោកស្រី ឆាន់ ចន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាល តំណាងឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការដាក់កងក្នុងស្បូន» នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ «ផ្ការំដួល» នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីនេះ លោកស្រី ឆាន់ ចន្ទសោភ័ណ បានផ្តោតសំខាន់លើការពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល ដោយចាត់ទុកថា ការបណ្តុះបណ្តាលជំនាញជាក់លាក់ គឺជាមូលដ្ឋានសម្រាប់ធានាគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន។ លោកស្រីបានលើកឡើងថា បុគ្គលិកមណ្ឌលសុខភាពដែលទទួលបានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ នឹងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការផ្តល់សេវាពន្យារកំណើតប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

លោកស្រី ឆាន់ ចន្ទសោភ័ណ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ព័ត៌មាន និងការអប់រំសុខភាពបន្តពូជដល់ប្រជាពលរដ្ឋ ដើម្បីឱ្យស្ត្រីក្នុងវ័យបន្តពូជអាចយល់ដឹងអំពីជម្រើសនៃមធ្យោបាយពន្យារកំណើត និងអាចសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រដែលសមស្របទៅតាមស្ថានភាព និងតម្រូវការរបស់ខ្លួន ដោយមានការប្រឹក្សាពីអ្នកជំនាញសុខាភិបាល។
លោកស្រីបានបន្តថា ការដាក់កងក្នុងស្បូន ជាមធ្យោបាយពន្យារកំណើតមួយដែលតម្រូវឱ្យអ្នកផ្តល់សេវាមានចំណេះដឹង បច្ចេកទេស និងជំនាញគ្រប់គ្រាន់។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តោតលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែង ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចផ្តល់សេវាបានតាមស្តង់ដារ និងគោលការណ៍បច្ចេកទេសសុខាភិបាល។
ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា សួរបញ្ជាក់ចំណុចដែលមិនទាន់យល់ និងចូលរួមអនុវត្តឱ្យបានសកម្ម ព្រោះចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គនេះ នឹងក្លាយជាធនធានសំខាន់សម្រាប់បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមការគាំទ្រថវិកាពី មូលនិធិកូរ៉េសម្រាប់សុខភាពអន្តរជាតិ (KOFIH) និងប្រព្រឹត្តទៅនៅសាលប្រជុំ «ផ្ការំដួល» នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងការបន្តវិនិយោគលើធនធានមនុស្សផ្នែកសុខាភិបាល ពិសេសការពង្រឹងជំនាញរបស់បុគ្គលិកនៅជួរមុខ ដែលជាអ្នកផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ។

តាមរយៈការលើកកម្ពស់សមត្ថភាពអ្នកផ្តល់សេវា មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងរួមចំណែកធ្វើឱ្យសេវាពន្យារកំណើតកាន់តែមានគុណភាព មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត៕
ដោយ៖ ឈុន សារ៉ាត





