រដ្ឋបាលខេត្តបន្ទាយមានជ័យ និង ប.ស.ស. បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គម ដើម្បីពង្រឹងកិច្ចគាំពារដល់មន្ត្រីវិស័យសាធារណៈ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ»។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។

លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដល់មន្ត្រីវិស័យសាធារណៈ គឺជា, គោលនយោបាយអាទិភាពដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ដែលជួយធានាបាននូវកិច្ចគាំពារសុខភាព និងកាត់បន្ថយបន្ទុកសេដ្ឋកិច្ចគ្រួសារពេលមានហានិភ័យជាយថាហេតុ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការទទួលបានសេវា ប.ស.ស. នេះ នឹងជួយឱ្យមន្ត្រីរាជបូករួមទាំងមន្ត្រីក្រោមឱវាទទាំងអស់ កាន់តែមានភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងយ៉ាងមុតមាំថា ប.ស.ស. បានត្រៀមលក្ខណៈរួចជាស្រេចទាំងផ្នែកធនធានមនុស្ស បច្ចេកវិទ្យា និងបណ្តាញបម្រើសេវា ដើម្បីធានាថាការផ្តល់សេវាថែទាំសុខភាព និងហានិភ័យការងារជូនដល់មន្ត្រីសាធារណៈប្រព្រឹត្តទៅដោយរលូន ឆាប់រហ័ស និងមានតម្លាភាព។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះមិនត្រឹមតែជាការផ្សព្វផ្សាយពីនីតិវិធីនៃការប្រើប្រាស់បណ្ណ ប.ស.ស. ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាពន្យល់ពីសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ដែលមន្ត្រីរាជការទាំងអស់ត្រូវទទួលបានផងដែរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់មន្ត្រីរាជការ និងតំណាងអង្គភាពជុំវិញខេត្ត ដើម្បីធានាថា ការអនុវត្តន៍ច្បាប់ស្តីពីរបបសន្តិសុខសង្គមអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងគ្របដណ្តប់ទូលំទូលាយនៅក្នុងខេត្តបន្ទាយមានជ័យ៕

ដោយ ឈុន សារ៉ាត





