ក្រសួងធនធានទឹកបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេនៃ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្រ្តីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តកណ្តាល» ដោយមានវត្តមានចូលរួមពីតំណាងគណៈអភិបាលខេត្តកណ្តាល ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ សំដៅលើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ អនុវត្តតាមបទដ្ឋានគតិយុត្តជាធរមាន និងបន្តពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





