ADB៖ របាយការណ៍ថ្មីជំរុញឱ្យមានសកម្មភាពជាបន្ត ខណៈកម្ពុជា កំពុងដោះស្រាយការរំខានការផ្គត់ផ្គង់ថាមពលសកល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)បានឱ្យដឹងថា ការពឹងផ្អែករបស់កម្ពុជា លើការនាំចូលប្រេងឥន្ធនៈ និងជី បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសប្រឈមនឹងការរំខានការផ្គត់ផ្គង់ថាមពលសកល និងរំលេចពីតម្រូវការ ក្នុងការការពារគ្រួសារងាយរងគ្រោះ ព្រមទាំងការកសាងភាពធន់រយៈពេលវែង។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃនេះ។

ក្នុងរបាយការណ៍ស្តីពី ផលប៉ះពាល់សេដ្ឋកិច្ចដោយការរំខាននៃទីផ្សារថាមពលអន្តរជាតិមកលើប្រទេសកម្ពុជា ត្រូវបានចងក្រងដោយលោក James Giesecke និង លោក Robert Waschik មកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយនៅសាកលវិទ្យាល័យ Victoria, លោក Milan Thomas មកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក ឆន ឌីណា មកពី CDRI។ កិច្ចសហការនេះ បង្ហាញពីភាពជាដៃគូដ៏រឹងមាំក្នុងចំណោមអ្នកស្រាវជ្រាវកម្ពុជា និងអន្តរជាតិ ដោយរួមបញ្ចូលគ្នានូវចំណេះដឹងអំពីប្រទេសកម្ពុជា និងគំរូស្រាវជ្រាវល្អៗពីអន្តរជាតិ។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថា របាយការណ៍នេះផ្តល់ការវិភាគទាន់ពេលវេលា ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅនឹងវិបត្តិប្រេងឥន្ធនៈសកល និងជំនួយតាមរយៈអន្តរាគមន៍រហ័សរបស់ ADB នាពេលថ្មីៗ ដែលជាការរួមចំណែក ក្នុងការឆ្លើយតបនេះ ដើម្បីស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ លោកស្រីបានបញ្ជាក់ថា៖ «ការរងផលប៉ះពាល់របស់កម្ពុជា ដោយការរំខាននៃទីផ្សារថាមពល មិនត្រឹមតែជាការគំរាមកំហែងរយៈពេលខ្លីដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផងដែរ។ ការរកឃើញក្នុងរបាយការណ៍នេះ ផ្តល់នូវជម្រើសគោលនយោបាយជាក់ស្តែង ផ្អែកលើភស្តុតាង ដើម្បីពង្រឹងសន្តិសុខថាមពល ធានាខ្សែច្រវាក់ផ្គត់ផ្គង់ឥន្ធនៈនិងជីជាគន្លឹះ និងបង្វែរស្ថានភាពសេដ្ឋកិច្ចទៅជាឱកាសសម្រាប់កំណើនប្រកបដោយចីរភាព។»
លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃ CDRI បានថ្លែងបញ្ជាក់ថា របាយការណ៍នេះឆ្លុះបញ្ចាំងពីបេសកកម្មស្នូលរបស់ CDRI គឺវិធីសាស្ត្រសហការក្នុងការចងក្រងភស្តុតាងឯករាជ្យយ៉ាងហ្មត់ចត់ ដើម្បីជួយអ្នកបង្កើតគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយវិបត្តិពីខាងក្រៅ។ លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកជាមួយនឹងគំរូស្រាវជ្រាវអន្តរជាតិល្អៗ យើងសង្ឃឹមថា វានឹងជួយដល់អ្នកដឹកនាំក្នុងរាជរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាវិស័យអភិវឌ្ឍន៍ នូវមូលដ្ឋានច្បាស់លាស់ ផ្អែកលើភស្តុតាងដើម្បីដាក់ចេញនូវសកម្មភាព ដែលនេះមិនមែនគ្រាន់តែជាការធ្វើការវិភាគហានិភ័យដែលកម្ពុជាកំពុងប្រឈមមុខនោះទេ។»
ការសិក្សានេះ ពិនិត្យមើលផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងបរិមាណមានកម្រិតនៃជីនៅលើទីផ្សារ ដែលបណ្តាលមកពីការរំខាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។ របាយការណ៍នេះប្រើគំរូសិក្សាវិបត្តិសកល ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ចកម្ពុជា ដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេស។ ក្នុងរបាយការណ៍ក៏ផ្តល់ជាអនុសាសន៍គោលនយោបាយ ដែលរួមមានការពន្លឿនការធ្វើពិពិធកម្មថាមពល ការកសាងជំនាញបៃតង និងការរក្សាប្រេងឥន្ធនៈ និងជីបម្រុងជាយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយវិបត្តិពីខាងក្រៅ។ ទន្ទឹមនេះ របាយការណ៍ក៏សំណូមពរឱ្យមានការគាំទ្រចំគោលដៅ និងទាន់ពេលវេលាដល់គ្រួសារដែលងាយរងគ្រោះ ព្រមទាំងរក្សាលំហសារពើពន្ធសម្រាប់ការចំណាយសាធារណៈជាអាទិភាព។

លោក Milan Thomas សេដ្ឋវិទូប្រចាំប្រទេសកម្ពុជារបស់ ADB បានលើកឡើងថា គំរូស្រាវជ្រាវនេះបង្ហាញថា ប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើងបន្ថែមទៀតដល់ ៥០% ខ្ពស់ជាងមុនពេលមានវិបត្តិ សកម្មភាពសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១%។ លោកបានអះអាងថា៖ «ផលប៉ះពាល់អាចមានកាន់តែច្រើនលើគ្រួសារនៅតាមជនបទ ដោយសារផលិតកម្មវិស័យកសិកម្មរបស់ពួកគាត់ រងផលប៉ះពាល់ដោយតម្លៃធាតុចូលខ្ពស់ជាងមុន»។
លោក Milan Thomas បានកត់សម្គាល់ឃើញថា អនុសាសន៍មួយចំនួនរបស់របាយការណ៍ មាននៅក្នុងកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ (Comprehensive Intervention Program) របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបានគាំទ្រដោយកម្មវិធីអន្តរាគមន៍រហ័សសម្រាប់ស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy or RISE) របស់ ADB ចាប់ពីខែក្រោយនេះទៅ។ បន្ថែមពីនេះទៀត ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ នេះ នឹងអាចជួយដល់ប្រាក់ចំណូលសម្រាប់គ្រួសារក្រីក្រ ការគាំទ្រអន្តរកម្មថាមពលសម្រាប់អ្នកបើកបររ៉ឺម៉កកង់បី ព្រមទាំងការបណ្តុះបណ្តាល និងបរិក្ខារកសិកម្មសម្រាប់គ្រួសារនៅតាមជនបទ។
សូមជម្រាបជូនថា កម្មវិធី RISE ត្រូវបានអនុម័តនៅថ្ងៃទី៣០ ខែកក្កដា ហើយនឹងផ្តល់ការគាំទ្រថវិកាចំនួន ២៥០ លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបន្តការបន្ធូរបន្ថយពន្ធបណ្តោះអាសន្ន និងផ្តល់ជាជំនួយជាក់លាក់ដោយប្រើប្រព័ន្ធ IDPoor៕
ដោយ៖ រិទ្ធី, ប្រភព៖ ADB





