ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់ក្រុមហ៊ុនសាងសង់កូរ៉េ ចាប់ផ្តើមជួសជុលប្រឡាយមេនៃអាងទឹកអូរខៃដន និងអាងទឹកពង្រ
AKP ភ្នំពេញ ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានណែនាំ និងបញ្ជាទៅក្រុមហ៊ុនសាងសង់កូរ៉េ ឱ្យចាប់ផ្តើមដំណើរការជួសជុល និងសាងសង់ឡើងវិញនូវទីតាំងមួយចំនួននៃប្រឡាយមេចេញពីអាងទឹកអូរខៃដន និងអាងទឹកពង្រ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ជំនន់ឆ្លងដែនពីប្រទេសថៃ និងជំនន់ទឹកភ្លៀងក្នុងតំបន់នាពេលកន្លងទៅថ្មីៗនេះ បានហូរច្រោះ និងហូរឆ្លងកាត់លើប្រឡាយមេទាំង២ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមានការខូចខាតដោយអន្លើនៅតាមទីតាំងមួយចំនួន។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ គឺកំពុងស្ថិតក្នុងសុពលភាពនៃការសាងសង់នៅឡើយ។ ដូច្នេះ ក្រុមហ៊ុនសាងសង់កូរ៉េកំពុងដំណើរការជួសជុល និងសាងសង់ឡើងវិញជាបណ្តើរៗរហូតដល់ផុតសុពលភាពនៃកិច្ចសន្យា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





