គិតត្រឹមជាង ១០ខែ ឆ្នាំ២០២៦ កម្ពុជានាំអង្ករចេញជាង ១លានតោន ដែលនេះជាការបំបែកកំណត់ត្រាថ្មី
AKP ភ្នំពេញ ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ -- គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបំបែកកំណត់ត្រាថ្មីដោយនាំអង្ករចេញបានជាង ១លានតោន។

ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៦ នេះថា បើយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១.០១៤.៤៤២តោន។
ជាមួយការទទួលបានជោគជ័យក្នុងការនាំអង្ករចេញទៅក្រៅប្រទេសនេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានចាត់ទុកថា នេះជាដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា។ ឯកឧត្តម បានបន្ថែមថា «យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល»។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៩៤០.៣២១តោន ដោយទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ ៦០២,៤១លានដុល្លារអាម៉រិក។ ការនាំចេញអង្ករក្នុងឆ្នាំ២០២៥នេះដែរ មានកំណើនសរុបចំនួន ៤៥,៥៩% និងការនាំចេញស្រូវ មានកំណើនសរុបចំនួន ៣២,៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
ដោយ៖ មករា





