ឯកឧត្តម សុត រស្មី អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២)
AKP ភ្នំពេញ ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ និងខេត្តសៀមរាប។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្ដរក្រសួង បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១០ប្រព័ន្ធ ថោយក្នុងនោះរួមមានចំនួន ០៧ប្រព័ន្ធ ស្ថិតក្នុងខេត្តកំពង់ធំ និងចំនួន ០៣ប្រព័ន្ធ ស្ថិតក្នុងខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសនៃមន្ទីរខេត្តទាំងពីរ ដែលបានខិតខំអនុវត្តការងារ និងថែទាំ (O&M) ដំណាក់កាលទី២ នេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបញ្ជាក់ថា ការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដោយមានកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ព្រមទាំងត្រូវបង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងការពារទាំងអស់គ្នា ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចមូលដ្ឋាន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





