ប្រមុខកងទ័ពប៉ាគីស្ថានបំពេញទស្សនកិច្ចទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មែល បាកាអី បានប្រកាសកាលពីថ្ងៃអាទិត្យថាប្រមុខកងទ័ពប៉ាគីស្ថាន គឺលោក ហ្វៀល ម៉ាស្សាល់ អាស៊ីម មូនៀ នឹងបំពេញទស្សនកិច្ចរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ។
លោក បាកាអី បាននិយាយនៅក្នុងសុន្ទរកថាដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ថា ដំណើរទស្សនកិច្ចរបស់លោក មូនៀ និងគណៈប្រតិភូអមដំណើរ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងកសាងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការជួយពង្រឹងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
លោកបានបន្ថែមថា លោក មូនៀ នឹងធ្វើការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
ប៉ាគីស្ថានបានដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកពេញមួយសង្គ្រាម ហើយបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីថ្ងៃទី១៧ ខែមិថុនា ហើយបានចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយកិច្ចចរចាបានជាប់គាំងនៅពេលក្រោយដោយសារតែការមិនចុះសម្រុងគ្នាលើការធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រហ័រមុស ដែលជាផ្លូវយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ពិភពលោកសម្រាប់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកលលលោក។
នៅចន្លោះពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែកក្កដា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានវាយប្រហារដោយយោធាលើគ្នាទៅវិញទៅមក ដោយទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារលើគោលដៅនានានៅខាងក្នុងប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយការវាយប្រហារលើទីតាំង និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប់មួយចំនួន រួមទាំងហ្ស៊កដានី បារ៉ែន និងគុយវ៉ែត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





