ប្រជានេសាទដែលមានជីវភាពលំបាកចំនួន១៨គ្រួសារ នៅឃុំផាត់សណ្តាយទទួលអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
AKP កំពង់ធំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកចំនួន ១៨ គ្រួសារ និងប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាលសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ឆ្នាំ ២០២៦ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកអនុសេនីយឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាល ប្រចាំការបង្ក្រាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឡើងរាយការណ៍បញ្ជាក់ថា ដោយរដូវនេះជារដូវបិទនេសាទ ហើយប្រជាពលរដ្ឋមួយចំនួន មិនមានមុខរបរអ្វីក្រៅពីការនេសាទត្រី ដើម្បីលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃ ដូច្នេះមានការលំបាកខ្វះខាត។ ហើយកន្លងទៅ តាមរយៈទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំផាត់សណ្តាយ បងប្អូនបានសំណូមពរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយសម្រួលដោះស្រាយការលំបាករបស់គាត់ផង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលបានបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទទទួលបានលទ្ធផលល្អប្រសើរ និងបានថ្លែងអំណរគុណចំពោះកងកម្លាំងនៅទីបញ្ជាការស្រាល ដែលតែងតែយកចិត្តទុកដាក់ចែករំលែកស្បៀងអាហារ ជួយដោះស្រាយនៅការលំបាកចំពោះមុខជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ក្នុងរដូវបិទនេសាទនាពេលកន្លងទៅក៏ដូចជានៅពេលបច្ចុប្បន្ននេះ ។ នេះ ជាគុណធម៌របស់កងទ័ពក្នុងការបម្រើប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន នឹងដើម្បីប្រជាជននិងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលតម្រូវឱ្យមានការគោរពតាមច្បាប់ស្ដីពីជលផល នៅក្នុងរដូវបិទនេសាទនេះ គឺដើម្បីបម្រើផលប្រយោជន៍ផ្ទាល់របស់បងប្អូនប្រជាជនដែលនៅក្នុងមូលដ្ឋាន ក្នុងការថែរក្សាធនធានមច្ឆាជាតិ ដែលជារដូវត្រីពងកូន ដើម្បីឱ្យបងប្អូនបាននេសាទត្រីទទួលបានទិន្នផលខ្ពស់នៅពេលដល់រដូវបើកការនេសាទនាពេលខាងមុខ នៅទូទាំងប្រទេស និងសង្គមជាតិយើងទាំងមូល និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តគោរព និងអនុវត្តតាមច្បាប់ស្ដីពីជលផល ពិសេសនៅក្នុងរដូវបិទនេសាទនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យធនធានមច្ឆាជាតិរបស់យើងបានសំបូរឡើងវិញ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍ឆក់គ្រប់ប្រភេទ និងការនេសាទត្រីដោយប្រើប្រាស់របាំងស្បែមុង ដែលច្បាប់បានហាមឃាត់ជាដាច់ខាត ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង ១៨ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននៅអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរ ត្រីខកំប៉ុងចំនួន១យួរ មុងជ្រលក់ថ្នាំចំនួន១និងអាវរងាចំនួន២ផងដែរ ។ ដោយឡែក កងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ក៍បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈមួយចំនួនបន្ថែមទៀត សម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទនៅពេលនេះដោយគ្មានការដកថយឡើយ ៕
ដោយ ស៊ុម វណ្ណា





