ឯកឧត្តម ឡាំ ហេងហួត ចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀង នៅឃុំឈើតុំ ស្រុកក្រគរ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យ វាយតម្លៃ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អង្គភាពពាក់ព័ន្ធនិង អាជ្ញាធរស្រុក ឃុំផងដែរ។


ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ថ្នាក់ដឹកនាំបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយម្នាក់ឯងដោយគ្មានការយកចិត្តទុកដាក់ ឬដាច់ស្បៀងអាហារនោះឡើយ។


ជាមួយគ្នានោះ ថ្នាក់ដឹកនាំបានលើកឡើងថា ដោយសារភ្លៀងនៅតំបន់ផ្នែកខាងលើ ភ្លៀងនៅតែបន្តធ្លាក់ ដែលអាចធ្វើឱ្យទឹកហូរធ្លាក់ចុះមកបន្ថែមទៀត ដូច្នេះត្រូវត្រៀមលក្ខណៈដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅពេលមានអាសន្ន ៕
ដោយ ណយ នឿន





