កូនត្រីចម្រុះចំនួន២០ម៉ឺនក្បាលត្រូវបានលែងចូលក្នុងអាងទឹកទំនប់ខ្ពបត្របែក ស្រុកត្រាំកក់
AKP តាកែវ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦-- ដើម្បីចូលរួមអបអរសាទរទិវាមច្ឆាជាតិ១ កក្កដា ឆ្នាំ២០២៦ និងបំផុសស្មារតីសាធារណជន ឱ្យចូលរួមចំណែកថែរក្សាការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស។រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីលែងកូនត្រី នៅអាងទឹកទំនប់ខ្ពបត្របែកក្នុងស្រុកត្រាំកក់។ពិធីលែងកូនត្រីនេះរៀបចំឡើងដោយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនGANZBERG ដោយបាននាំយកកូនត្រីចម្រុះចំនួន២០ម៉ឺនក្បាល មកលែងក្នុងអាងទឹកទំនប់ខ្ពបត្របែក។អញ្ជើញជាអធិបតីក្នុងពិធីនេះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកត្រាំកក់ តំណាងក្រុមហ៊ុនGANZBERG លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំអូរសារាយ ជាប់នឹងទំនប់ខ្ពបត្របែក ស្ថិតនៅក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអំពាវនាវ និងណែនាំយ៉ាងម៉ឺងម៉ាត់ ដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលជាដើមហេតុចម្បង នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឈានទៅរកការផុតពូជមច្ឆជាតិ នៅក្នុងដែនទឹកធម្មជាតិ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ធនធានជលផល គឺជាប្រភពអាហារូបត្ថម្ភ និងជាប្រភពចំណូលដ៏សំខាន់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍ឆក់ ស្បៃមុង និងឧបករណ៍បំផ្លិចបំផ្លាញផ្សេងៗទៀត បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក និងវដ្តផលិតកម្មនៃពូជត្រីធម្មជាតិ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានស្នើសុំយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារកូនត្រី និងពូជមច្ឆាជាតិ ដែលបានប្រលែងចូលក្នុងប្រភពទឹកធម្មជាតិទាំងអស់ ឱ្យបានល្អប្រសើរ។ដើម្បីទុកលទ្ធភាពឱ្យពួកវាធំធាត់និងកើនឡើង ជាផលប្រយោជន៍រួមនាពេលខាងមុខ។ជាមួយគ្នានោះនោះដែរ ប្រជាពលរដ្ឋទាំងអស់ ត្រូវសហការរាយការណ៍ជូនអាជ្ញាធរដែនដី ឬសមត្ថកិច្ចជំនាញភ្លាមៗ នៅពេលប្រទះឃើញមានបទល្មើសនេសាទ និងត្រូវប្រកបរបរនេសាទ ដោយប្រើប្រាស់តែឧបករណ៍ស្របច្បាប់ តាមការណែនាំរបស់រដ្ឋបាលជលផល។

ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការចុះល្បាត ត្រួតពិនិត្យ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនខិលខូចដែលនៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាឱ្យបាននូវការអភិរក្សធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ អ៊ុច សៀង





