កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ចិញ្ចឹមបង្កង និងបង្គានៅស្រុកបវេលឆ្លើយតបទៅនឹងគោលនយោបាយ ភូមិមួយ និងផលិតផលមួយ
AKP បាត់ដំបង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--បង្កង និងបង្គារបស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ដែលមានទីតាំងស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានការគាំទ្រពីអតិថិជនក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាយើង នេះបង្ហាញឱ្យឃើញពីការលើកកម្ពស់ផលិតផល និងកសិផល ដែលផលិតដោយកូនខ្មែរ ឆ្លើយតបទៅនឹងគោលនយោបាយ ភូមិមួយ ផលិតផលមួយ ក្នុងខេត្តបត់ដំបង ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ។

លោក ទូច ឌីសារៈបុត្រ អ្នកគ្រប់គ្រងកសិដ្ឋានពិសិទ្ធប្រាកបហ្វាមបានលើកឡើងថា កសិដ្ឋានពិសិទ្ធប្រាកបហ្វាមបង្កើតឡើងក្នុងឆ្នាំ២០២៣ ដំណើរការពេញលេញនៅក្នុងឆ្នាំ២០២៤ ដោយមានការចិញ្ចឹមបង្កងលាយជាមួយបង្គាទទួលបានទិន្នផលល្អប្រសើរ និងមានការគាំទ្រជាច្រើនពីសំណាកបងប្អូន ដែលនៅខេត្តបាត់ដំបងផ្ទាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗក៏មានការគាំទ្រដូចគ្នា ដោយសារលោកបានផុលលើបណ្តាញសង្គម។ ជាធម្មតាការចិញ្ចឹមបង្កង ត្រូវការកូនពូជ ដែលខ្លាំងហើយល្អ សព្វថ្ងៃនេះព្យាយាមធ្វើយ៉ាងណា ដើម្បីបំប៉នមេបំប៉នកូនឱ្យបានកូនបង្កងល្អ ចិញ្ចឹមទៅទទួលបានទិន្នផលល្អ។ ចំពោះការចិញ្ចឹមបង្កង មិនអាស្រ័យលើចំណីតែមួយមុខទេ គឺអាស្រ័យទៅលើពូជដូចគ្នា។

បច្ចុប្បន្ននេះ ដោយសារតែតម្រូវការទីផ្សារខ្ពស់ ក្រៅពីការនេសាទតាមធម្មជាតិ កម្ពុជាក៏មានការបង្កើតកសិដ្ឋានចិញ្ចឹមបង្កង បង្គាជាច្រើន ដែលជួយបង្កើតមុខរបរ និងរកប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាកសិករ ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃកាន់តែប្រសើរឡើង ៕

ដោយ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មានខេត្តបាត់ដំបង)




