រថយន្តអគ្គិសនីម៉ាក JOYEE S04 និង S08 របស់ក្រុមហ៊ុន FAWCARបង្ហាញខ្លួនលើកដំបូង និងបើកដំណើរការលក់លើទីផ្សារនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--រថយន្ដអគ្គិសនីម៉ាក JOYEE S04 និង S08 របស់ក្រុមហ៊ុន FAWCAR នៃប្រទេសចិន បានបង្ហាញខ្លួនជាលើកដំបូង និងបើកដំណើរការលក់ជាផ្លូវការ ដើម្បីពង្រីកឧស្សាហកម្មយានយន្ដអគ្គិសនីចូលក្នុងទីផ្សារនៅកម្ពុជា ឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងការចូលរួមសន្សំសំចៃថាមពល។

ការបើកដំណើរការរថយន្ដអគ្គិសនីម៉ាក JOYEE S04 និង S08 របស់ក្រុមហ៊ុន FAWCAR នេះគឺជំហានថ្មីមួយទៀតក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ក្រុមហ៊ុន FAWCAR នៅអាស៊ីអាគ្នេយ៍ ជាពិសេសការឈានជើងចូលក្នុងទីផ្សារកម្ពុជា សម្រាប់ការវិនិយោគលើផលិតផលយានយន្ដអគ្គិសនី ដែលកំពុងតែមានសន្ទុះ និងការប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបង្ហាញផលិតផលជាលើកដំបូង និងប្រកាសជាផ្លូវការអំពីការចូលទីផ្សារកម្ពុជា របស់ក្រុមហ៊ុន FAWCAR កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក លីវ ជុងឆិន ប្រធានក្រុមហ៊ុន FAWCAR បានលើកឡើងថា កម្ពុជា គឺជាទីផ្សារសំខាន់មួយសម្រាប់ការពង្រីកម៉ាក JOYEE ទៅកាន់តំបន់ ហើយក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលក្ខណៈពិសេស និងសក្តានុពលនៃទីផ្សារកម្ពុជា។ លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការចម្រុះនៃការធ្វើដំណើររបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននាំចូលរថយន្តថាមពលថ្មីពីរម៉ូដែលគឺ S04 និង S08 ហើយគ្រោងនឹងដាក់លក់ផលិតផលថ្មីៗជាច្រើនទៀតនៅពេលអនាគត ដើម្បីគ្របដណ្តប់ទីផ្សាររថយន្តដែលមានចាប់ពីប្រភេទ A00 រហូតដល់ប្រភេទ B ។ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងទៀតថា ចំពោះរថយន្ដម៉ូដែល S04 គឺការប្រើចម្ងាយបើកបរថាមពលថ្មសុទ្ធ ៥៦៥ គីឡូម៉ែត្រ សាកថ្មម្តងអាចបើកបរបានមួយសប្តាហ៍ បំបាត់ការព្រួយបារម្ភអំពីចម្ងាយបើកបរ ហើយការប្រើប្រាស់ថាមពលអគ្គិសនីមានកម្រិត ១១.៨ គីឡូវ៉ាត់ម៉ោងក្នុង ១០០ គីឡូម៉ែត្រ ថ្លៃដើមប្រើប្រាស់ត្រឹមតែ ៧០ រៀលប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ។

បើតាមលោក លីវ ជុងឆិន រថយន្ត JOYEE S08 គឺជារថយន្តផលិតដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ BMP ថាមពលកូនកាត់ (Super Hybrid) របស់ក្រុមហ៊ុន FAWCAR ហើយជារថយន្តលំដាប់កំពូល នៅក្នុងចំណោមរថយន្ត SUV កូនកាត់កម្រិត A ដោយមាន ភាពពិសេសតែមួយគត់បីក្នុងចំណោមរថយន្តកម្រិតដូចគ្នា និង កំណត់ត្រាល្អជាងគេប្រាំមួយក្នុងចំណោមរថយន្តកម្រិតដូចគ្នា។ លោកបានគូសបញ្ជាក់ថា រថយន្តJOYEE S08 បំពាក់ម៉ាស៊ីន Turbo 1.5TD ហើយប្រើចម្ងាយបើកបរសរុបអាចឈានដល់ ១ ៥០០ គីឡូម៉ែត្រ និងចម្ងាយបើកបរថាមពលថ្មសុទ្ធ ២០០ គីឡូម៉ែត្រ ព្រមទាំងប្រើប្រាស់ថាមពល ១១.៩ គីឡូវ៉ាត់-ម៉ោង ក្នុងមួយរយគីឡូម៉ែត្រ និងប្រើប្រាស់ប្រេង ៣.៩ លីត្រក្នុងមួយរយគីឡូម៉ែត្រ។
លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពសម្របខ្លួនទៅនឹងលក្ខខណ្ឌក្នុងស្រុក និងភាពជឿជាក់នៃផលិតផល រថយន្ត JOYEE S04 និង JOYEE S08 បានបញ្ចប់ការធ្វើតេស្តបើកបរឆ្លងប្រទេសចម្ងាយ ១ ៥០០ គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មកកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ រថយន្ត JOYEE S04 ផ្តោតលើការបើកបរក្នុងទីក្រុង និងតំបន់ជាយក្រុង ដើម្បីសាកល្បងប្រសិទ្ធភាពប្រើប្រាស់ថាមពល និងភាពស្រួលក្នុងការបើកបរ។ រីឯរថយន្ត JOYEE S08 វិញបានបើកបរក្នុងស្ថានភាពផ្លូវឆ្ងាយស្មុគស្មាញឆ្លងប្រទេស ដើម្បីសាកល្បងចម្ងាយបើកបរយូរអង្វែង និងគុណភាពប្រើប្រាស់បានយូរ។ លោកប្រធានក្រុមហ៊ុនបានអះអាងថា រថយន្តទាំងពីរបានឆ្លងកាត់ការសាកល្បងយ៉ាងខ្លាំងក្លាដោយជោគជ័យ ដោយទិន្នន័យជាក់ស្តែងបានបញ្ជាក់ពីសមត្ថភាពពិតប្រាកដរបស់ម៉ាក់រថយន្តនេះ។

លោក លីវ ជុងឆិន ប្រធានក្រុមហ៊ុន FAWCAR ក៏បានអះអាងផងដែរថា៖ «នៅពេលអនាគត FAWCAR នឹងបន្តសហការជាមួយដៃគូក្នុងប្រទេសកម្ពុជា ពង្រីកបណ្តាញលក់ សេវាកម្ម និងចូលរួមជំរុញការអភិវឌ្ឍការធ្វើដំណើរបែបបៃតងនៅប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុន ជាង ស៊ីន អូតូ ដែលជាដៃគូយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា របស់ FAWCAR បានប្រកាសថា នឹងផ្តល់សេវាប្រឹក្សាយោបល់ សាកល្បងបើកបរ ប្រគល់រថយន្ត និងសេវាកម្មក្រោយការលក់យ៉ាងពេញលេញ។ ក្រុមហ៊ុនក៏នឹងបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសជាប្រចាំ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងធានាឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់រថយន្តបានដោយភាពជឿជាក់ក្នុងរយៈពេលវែង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា វត្ដមានរបស់ក្រុមហ៊ុន FAWCAR នៅកម្ពុជា នាពេលនេះ គឺស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន និងទីផ្សារយានយន្ដអគ្គិសនីនៅកម្ពុជា កំពុងមានសន្ទុះ និងតម្រូវការយ៉ាងខ្លាំងក្លា។ ឯកឧត្ដមបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កម្ពុជា មានយានយន្ដអគ្គិសនីដែលបានចុះបញ្ជីជាផ្លូវការចំនួន ១១ ២៣៦ គ្រឿង ដែលនេះបង្ហាញពីការកើនឡើងនិងការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា ដែលចំនួនតួលេខទាំងនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានគោលដៅជំរុញឱ្យមានយានយន្ដអគ្គិសនីប្រើប្រាស់ប្រមាណ ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា៖ «ការសម្រេចចិត្ដវិនិយោគរបស់ក្រុមហ៊ុន FAWCAR នៅកម្ពុជា គឺពិតជាចំទិសដៅ ត្រូវនឹងតម្រូវការទីផ្សារជាក់ស្ដែងរបស់កម្ពុជា ហើយក្រុមហ៊ុនក៏បាននាំមកនូវផលិតផលថ្មី សេវាកម្មថ្មី និងបច្ចេកវិទ្យាថ្មីៗមកកម្ពុជា ដែលនេះមិនមែនត្រឹមតែជាការចូលរួមមកក្នុងទីផ្សារកម្ពុជា របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែបានបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មយានយន្ដរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅថែមទៀត»។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងទៀតថា បច្ចុប្បន្ន ឧស្សាហកម្មយានយន្ដពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកថាមពលថ្មី បច្ចេកវិទ្យាឆ្លាតវៃ និងការអភិវឌ្ឍបៃតង ហើយកម្ពុជា ក៏កំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍយានយន្ដតាមបច្ចេកវិទ្យាថ្មី និងថាមពលថ្មី ជាមួយនឹងការពង្រីកទីផ្សារយានយន្ដថាមពលថ្មីជាបន្ដបន្ទាប់។
ឯកឧត្ដមរដ្ឋលេខាធិការសង្ឃឹមថា នៅពេលអនាគត កម្ពុជា នឹងអាចទាក់ទាញក្រុមហ៊ុនធំៗ ជាច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំមកនូវបច្ចេកវិទ្យាទំនើប បទពិសោធន៍គ្រប់គ្រង និងធនធានឧស្សាហកម្ម ព្រមទាំងរួមគ្នាពង្រឹង និងពង្រីកក្នុងការអភិវឌ្ឍឧស្សាហកម្មយានយន្ដ និងការដឹកជញ្ជូនបៃតង ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា៖ «សម្រាប់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ដមិនមែនមានន័យត្រឹមតែការនាំយកផលិតផលថ្មី ចូលមកទីផ្សារ ប៉ុណ្ណោះទេ ប៉ុន្ដែគឺការនាំយកការងារថ្មី និងផ្ដល់ឱកាសដល់ការអភិវឌ្ឍធនធានមនុស្ស កាន់តែរឹងមាំថែមទៀត នៅក្នុងប្រទេសកម្ពុជា»។

សូមជម្រាបជូនថា រថយន្ត SUV អគ្គិសនីសុទ្ធ JOYEE S04 និងរថយន្ត SUV កូនកាត់ដោតភ្លើង JOYEE S08 ត្រូវបានដាក់លក់ក្នុងពេលដំណាលគ្នា ក្នុងតម្លៃផ្លូវការ ២៣ ៨០០ ដុល្លារ និង ២៤ ៥០០ ដុល្លារ រៀងគ្នា។ FAWCAR ឆ្លងកាត់ការអភិវឌ្ឍរយៈពេលជាង ៧០ ឆ្នាំ ហើយចំនួនរថយន្តដែលបានលក់នៅទូទាំងពិភពលោកបានលើសពី ៦៥លានគ្រឿង។ ចំពោះរថយន្តម៉ាក JOYEE ទាំងពីរម៉ូឌែលខាងលើបានដាក់លក់ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជា គឺជាសញ្ញាបញ្ជាក់ថា FAWCAR បានចូលទីផ្សារកម្ពុជា ជាផ្លូវការ៕
ដោយ៖ រិទ្ធី




