ន័រវេសនឹងផ្តល់ជំនួយថ្មីចំនួន ៩,២ពាន់លានដុល្លារអាម៉េរិកដល់អ៊ុយក្រែននៅឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីន័រវេស លោក ចូណាស់ ហ្កា ស្តូរ បានប្រកាសកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងគៀវថា ប្រទេសន័រវេសនឹងផ្តល់ជំនួយថ្មីចំនួន ៨៥ពាន់លានក្រូន(៩,២ពាន់លានដុល្លារអាម៉េរិក) ដល់ប្រទេសអ៊ុយក្រែននៅឆ្នាំ២០២៧។
លោក ស្តរ បាននិយាយថា «ប្រទេសន័រវេសនឹងបន្តគាំទ្រការតស៊ូការពារជាតិរបស់អ៊ុយក្រែន»។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ន័រវេស NRK។
លោកបាននិយាយថា «ឥឡូវនេះ យើងកំពុងផ្ញើសញ្ញាច្បាស់លាស់មួយថា ប្រទេសន័រវេសនឹងបន្តគាំទ្រទាំងជនស៊ីវិល និងយោធា»។
ក្នុងចំណោមកញ្ចប់ជំនួយនោះ ថវិកា ៧០ពាន់លានក្រូន (៧,៥ពាន់លានដុល្លារអាម៉េរិក) នឹងត្រូវបានបែងចែកសម្រាប់ការគាំទ្រយោធា និង ១៥ពាន់លានក្រូន (១,៦ពាន់លានដុល្លារអាម៉េរិក) សម្រាប់ជំនួយជនស៊ីវិល។
ការប្តេជ្ញាចិត្តឆ្នាំ២០២៧ នឹងសម្គាល់ជាឆ្នាំទីបីជាប់ៗគ្នាដែលប្រទេសន័រវេសបានផ្តល់ជំនួយប្រចាំឆ្នាំចំនួន ៨៥ពាន់លានក្រូនដល់ប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា «ជារៀងរាល់ថ្ងៃ ប្រជាជនអ៊ុយក្រែនរស់នៅជាមួយផលវិបាកនៃសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី»។
លោកបាននិយាយថា ការកើនឡើងនៃការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីប្រឆាំងនឹងទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន មានន័យថា ជនស៊ីវិលកំពុងត្រូវបានកំណត់គោលដៅជាប្រព័ន្ធ។
លោក ស្តរ បាននិយាយថា «ក្នុងពេលជាមួយគ្នានេះ អ៊ុយក្រែនបន្តការតស៊ូដើម្បីសេរីភាព ឯករាជ្យភាព និងសិទ្ធិក្នុងការកំណត់អនាគតរបស់ខ្លួន»។លោកបានបន្ថែមថា «ដូច្នេះ វាជារឿងសំខាន់ដែលប្រទេសន័រវេសបន្តឈរជាមួយប្រជាជនអ៊ុយក្រែន»។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក ស្តរ ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរវាងអ៊ុយក្រែន និងបណ្តាប្រទេសណ័រឌីក-បាល់ទិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលប្រារព្ធទិវាទង់ជាតិអ៊ុយក្រែន និងជួបជាមួយមន្ត្រីអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





