ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងពី៩០ក្បាលក្នុងឆ្នាំ២០២០រហូតដល់១១៦ក្បាលក្នុងឆ្នាំ២០២៦នេះ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦–គិតរហូតមកដល់ពេលបច្ចុប្បន្ននេះដោយសារការខិតខំប្រឹងប្រែងគ្រប់គ្រង ការពារ និងអភិរក្ស ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងពី ៩០ ក្បាលកាលពីឆ្នាំ២០២០ រហូតដល់ ១១៦ ក្បាលក្នុងឆ្នាំ២០២៦។នេះបើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាត្រីផ្សោតទន្លេមេគង្គជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពោះរយៈពេល១៤ខែ។សត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់នៃប្រទេសឡាវ ត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ ១៨០គម ។


គួរបញ្ជាក់ថាដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត ជារៀងរាល់ឆ្នាំក្រុមស្រាវជ្រាវរបស់អគ្គនាយកដ្ឋានជលផល និងអង្គការ WWF ថតរូបផ្សោតរាប់ពាន់សន្លឹក តាមដងទន្លេនៃខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីពិនិត្យព្រុយខ្នងនិងវិភាគអត្តសញ្ញាណ។ ទិន្នន័យទាំងនេះ គឺជួយឱ្យគេរៀបចំសកម្មភាពអភិរក្ស បានចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់។នេះបើតាមលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


ដោយ៖មករា





