បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ស្រុកបន្ទាយស្រី
AKP សៀមរាប ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦---
បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ដែលគម្រោងនេះ នឹងរួមចំណែកបន្ថែមគុណតម្លៃដល់ការសិក្សារបស់សិស្សា នុសិស្ស ក្នុងការទទួលបានចំណេះដឹងថ្មីៗ និងពង្រីកទស្សនវិស័យតាមរយៈការអាន ព្រមទាំងជានិមិត្តរូបនៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាងសៀវភៅ ចំណេះ ដឹង ការអប់រំ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។
លោក តាន់ ប៊ុនហ៊ុយ នាយកសាលាបឋ មសិក្សាបន្ទាយសំរ៉ែ បានឱ្យដឹងថា អគារបណ្ណាល័យចាស់ដែលបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ មានសភាពទ្រុឌទ្រោម និងត្រូវការជួសជុលជា បន្ទាន់។ គម្រោងដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកែលម្អ និងផ្លាស់ប្ដូរដំបូលថ្មី លាបថ្នាំអគារឡើងវិញ ជួសជុលទ្វារ បង្អួច និងជញ្ជាំងទាំងស្រុង ដើម្បីប្រែក្លាយបណ្ណាល័យឱ្យទៅជាកន្លែងអាន និងសិក្សាដែលមានសោភ័ ណភាព សុវត្ថិភាព និងអំណោយផលសម្រាប់សិស្សានុសិស្ស។


ក្នុងនាមអ្នកសម្របសម្រួល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក និងនាយកសាលាបឋមសិក្សាបន្ទាយសំរ៉ែ ដែលបានចូលរួមសហការកែលម្អ «បណ្ណាល័យមេគង្គ-ឡានឆាង»។
លោកបានគូសបញ្ជាក់ថា នេះជាបទពិសោធន៍ដ៏ល្អនៃការតភ្ជាប់ចិត្តប្រជាជន និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ដោយសិស្សានុសិស្សកម្ពុជាតែងចាត់ទុកបណ្ណាល័យនេះជា «ថ្នាក់រៀនទី២» និងជា «ផ្ទះទី២» របស់ខ្លួនក្នុងការលើក កម្ពស់វិស័យនៃការអាន។

ក្នុងនាមម្ចាស់ជំនួយ លោក ចាង ជីនធីង (Zhang Jinting) ប្រធានមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពផ្សាយ ចែកចាយសៀវភៅ និងទស្សនាវដ្ដីនៅក្រៅប្រទេស បានថ្លែងសារតាមវីដេអូថា គុណតម្លៃនៃសៀវភៅ និងការបណ្តុះ បណ្តាលស្មារតីកុមារ បានរួមដំណើរឆ្ពោះទៅអនាគតជាមួយគ្នានៅក្នុង «បណ្ណាល័យមេគង្គ-ឡានឆាង»។ តាមរយៈកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ភាគីចិន បានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ក្នុងការកែលម្អបណ្ណាល័យនេះ ដើម្បីរួមចំណែកបន្ថែមគុណតម្លៃដល់ការសិក្សារបស់សិស្ស ឱ្យទទួលបានចំណេះដឹងថ្មី និងការរីកចម្រើនតាមរយៈការអាន។


លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់តាំងពីកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ត្រូវចាប់ផ្តើមនៅឆ្នាំ២០២១ មក គ្រាប់ពូជនៃចំណេះដឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង។ លោកបានបន្ថែមថា ចាប់ពីបណ្ណាល័យទី១ នៅខេត្តព្រៃវែង បន្តទៅបណ្ណាល័យទី២ នៅខេត្តកណ្តាល ទី៣ នៅរាជធានីភ្នំពេញ ហើយថ្ងៃនេះ បណ្ណាល័យទី៤ នៅខេត្តសៀមរាប គឺជាចលករនាំអរិយធម៌បុរាណកម្ពុជារាប់ពាន់ឆ្នាំ និងចំណេះដឹងថ្មីៗនៃ «បណ្ណាល័យមេគង្គ-ឡានឆាង» ឱ្យមកជួបជុំគ្នា។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី ក្នុងនាមសិស្សានុសិស្ស និងប្រជាជនក្នុងស្រុកបន្ទាយស្រី បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតចិនប្រចាំខេត្តសៀមរាប និងភាគីចិនទាំងអស់ ដែលបានរួមគ្នាកែលម្អ «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៤នេះ។ លោកថា នេះមិនត្រឹមតែជាអគារបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងសប្បុរសធម៌ដ៏សំខាន់ដែលបណ្តុះក្តីសង្ឃឹម និងអនាគតរបស់កុមារកម្ពុជា ព្រមទាំងជានិមិត្តរូប នៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាងសៀវភៅ និងសិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹងតាមរយៈការអានផងដែរ៕
ដោយ៖ ឃុត សៅ





