អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការទប់ស្កាត់គ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ គឺជាការរួមចំណែកការពារអនាគតយុវជន និងសុវត្ថិភាពសង្គម
AKPបន្ទាយមានជ័យថ្ងៃទី២២ខែសីហាឆ្នាំ២០២៦---
ការបង្កើនការយល់ដឹងរបស់យុវជន និងសិស្សានុសិស្សអំពីគ្រោះថ្នាក់នៃគ្រឿង ញៀន ព្រមទាំងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានចាត់ទុកជាកិច្ចការដ៏សំខាន់មួយក្នុងការការពារធនធានមនុស្ស កាត់បន្ថយហានិភ័យក្នុងសង្គម និងចូលរួមកសាងសហគមន៍មួយដែលមានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។
ក្នុងស្មារតីនេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. និងយុវជនមកពីគ្រឹះស្ថានសិក្សា និងវិស័យឯកជន ក្នុងក្រុងប៉ោយប៉ែត សរុបប្រមាណជាង ៥០០នាក់។
ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តស្រះត្រាច ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានខេត្ត ក្រុង សង្កាត់ និងកងកម្លាំងទាំងបី ដើម្បីពង្រឹងការងារអប់រំ ផ្សព្វផ្សាយ និងបង្ការទុកជាមុនចំពោះបញ្ហាដែលអាចប៉ះពាល់ដល់អាយុជីវិត សុខភាព អនាគត និងសន្តិសុខសង្គម។
ក្នុងឱកាសនោះ លោក យឹម សំណាង បានលើកឡើងថា ការផ្សព្វផ្សាយចំណេះដឹងអំពីគ្រឿងញៀន និងច្បាប់ចរាចរណ៍ មិនមែនជាការងាររបស់ស្ថាប័ន ឬអាជ្ញាធរណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសយុវជន គ្រឹះស្ថានសិក្សា វិស័យឯកជន គ្រួសារ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការបង្ការមុនពេលបញ្ហាកើតឡើង គឺជាវិធានការដ៏មានប្រសិទ្ធភាព និងមាននិរន្តរភាពជាងការដោះស្រាយបន្ទាប់ពីបញ្ហាបានកើតឡើង។ ដូច្នេះ ការផ្តល់ចំណេះដឹងត្រឹមត្រូវដល់យុវជន និងសិស្សានុសិស្ស គឺជាការវិនិយោគលើធនធានមនុស្ស និងជាវិធីសាស្ត្រដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។
លោកបានអំពាវនាវដល់យុវជនទាំងអ ស់ឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះការប្រើប្រាស់គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាពរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់ការសិក្សា ការងារ ទំនាក់ទំនងក្នុងគ្រួសារ សណ្តាប់ធ្នាប់សង្គម និងអនាគតរបស់ខ្លួនទៀតផង។ យុវជនគួរប្រើប្រាស់កម្លាំង ការច្នៃប្រឌិត និងពេលវេលារបស់ខ្លួនទៅលើការសិក្សា ការអភិវឌ្ឍជំនាញ កីឡា សកម្មភាពសង្គម និងការងារដែលមានប្រយោជន៍។ ជាមួយគ្នានេះ លោកក៏បានផ្តោតសំខាន់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមមួយសម្រាប់សង្គម។
លោកបានណែនាំឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ជាពិសេសយុវជន ត្រូវមានស្មារតីទទួលខុសត្រូវ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព បើកបរដោយប្រុងប្រយ័ត្ន មិនបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រើប្រាស់ល្បឿនលឿនហួសកំណត់ ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។

លោក យឹម សំណាង បានបញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍ គឺមិនមែនគ្រាន់តែដើម្បីជៀសវាងការផាកពិន័យ ឬការទទួលខុសត្រូវតាមច្បាប់នោះទេ ប៉ុន្តែជាការគោរពជីវិតមនុស្ស និងជាការបង្ហាញពីវប្បធម៌នៃការរស់នៅក្នុងសង្គមដែលមានសណ្តាប់ធ្នាប់។ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបមានការយល់ដឹង និងអនុវត្តច្បាប់បានត្រឹមត្រូវ នោះហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ក៏អាចកាត់បន្ថយបានយ៉ាងមានប្រ សិទ្ធភាព។
ជាមួយនឹងការអប់រំ និងផ្សព្វផ្សាយនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ក៏ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ និងនីតិវិធីច្បាប់ ព្រមទាំងបង្កើនកិច្ចសហការជាមួយសាលារៀន គ្រួសារ សហគមន៍ និងវិស័យឯកជន ដើម្បីឱ្យការងារបង្ការគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍មានប្រសិទ្ធភាពខ្ពស់ និងឈានទៅរកការកាត់បន្ថយបញ្ហាបានជាក់ស្តែង។


សារសំខាន់ដែលលោក យឹម សំណាង បានលើកឡើង គឺការការពារយុវជនពីគ្រឿងញៀន និងការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ ត្រូវចាប់ផ្តើមពីចំណេះដឹង ស្មារតីទទួលខុសត្រូវ និងការចូលរួមរបស់មនុស្សគ្រប់រូប។ ព្រោះការចៀសឆ្ងាយពីគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ គឺជាការការពារខ្លួនឯង ក្រុមគ្រួសារ និងជាផ្នែកមួយនៃការរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ៖ឈុនសារ៉ាត





