ក្រសួងការងារ៖ «យើងនៅជួរក្រោយ មិនភ្លេចវីរកងទ័ពនៅជួរមុខ» រួមគ្នាផ្តល់កម្លាំងចិត្ត និងការគាំទ្រ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦---
ក្នុងស្មារតីសាមគ្គីភាពជាតិ និងការដឹងគុណចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រឹះស្ថានក្រោមឱវាទ រោងចក្រ សហគ្រាស និយោជក កម្មករនិយោជិត ដៃគូពាក់ព័ន្ធ និងសប្បុរសជន ចូលរួមបរិច្ចាគតាមសទ្ធា និងលទ្ធភាព ដើម្បីផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់វីរកងទ័ពនៅជួរមុខ។
ក្រសួងបានកំណត់យកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីនាំយកថវិកា សម្ភារៈ និងអំណោយដែលទទួលបានពីការចូលរួមបរិច្ចាគ ទៅប្រគល់ជូនបងប្អូនវីរកងទ័ព និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។


លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា៖ «បងប្អូនវីរកងទ័ពនៅជួរមុខកំពុងបំពេញភារកិច្ចដ៏មានតម្លៃក្នុងការការពារបូរណភាពទឹកដី។ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី យើងនៅជួរក្រោយមិនភ្លេចពួកគាត់ទេ។ ការចូលរួមរបស់យើង ទោះតិចក្តី ច្រើនក្តី គឺជាកម្លាំងចិត្តដល់បងប្អូននៅជួរមុខ និងជាសារបញ្ជាក់ថា ពួកគាត់មិននៅឯកោទេ ព្រោះមានប្រជាពលរដ្ឋខ្មែរនៅជួរក្រោយគាំទ្រពួកគាត់ជានិច្ច»។

លោកបន្តថា ការចូលរួមនេះមិនត្រឹមតែជាការផ្តល់ថវិកា ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការគោរព ការដឹងគុណ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ចំពោះអ្នកដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
«ជួរមុខការពារបូរណភាពទឹកដី ជួរក្រោយជាកម្លាំងគាំទ្រ។ យើងនៅទីណាក៏ដោយ យើងអាចចូលរួមតាមលទ្ធភាព ដើម្បីបង្ហាញថា ខ្មែរយើងរួមគ្នាជាកម្លាំងតែមួយ» នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





