ឯកឧត្តម នេត្រ ភក្ត្រា៖ ការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ គឺជាការងារចាំបាច់ ដើម្បីឱ្យការបែងចែកតួនាទី និងការទទួលខុសត្រូវមានភាពច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្ទាប់ពីការចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដើម្បីឆ្លើយតបនឹងភាពចាំបាច់ ស្ថានការណ៍នៅចំពោះមុខ និងតម្រូវការនាពេលអនាគត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ គឺជាការងារចាំបាច់ ដើម្បីឱ្យការបែងចែកតួនាទី និងការទទួលខុសត្រូវមានភាពច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធ និងសមត្ថកិច្ចថ្មីរបស់ក្រសួង ព្រមទាំងអាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពចំពោះការវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកែសម្រួល ការប្រគល់ភារកិច្ច និងការកំណត់របៀបរបរការងាររបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គនាយិកា នៃក្រសួងព័ត៌មាន។


ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា៖ «ការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវនេះ មិនមែនគ្រាន់តែជាការរៀបចំផ្នែករដ្ឋបាលទេ ប៉ុន្តែជាការរៀបចំប្រព័ន្ធដឹកនាំឱ្យកាន់តែមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងភាពចាំបាច់ និងស្ថានការណ៍ដែលកំពុងវិវត្តទាំងនៅចំពោះមុខ និងទៅអនាគត»។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា បរិបទនៃវិស័យព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម បញ្ញាសិប្បនិម្មិត និងទម្រង់ផ្សព្វផ្សាយព័ត៌មានថ្មីៗ។ ដូច្នេះ ក្រសួងព័ត៌មានត្រូវមានការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចឱ្យបានសមស្រប ដើម្បីធានាបាននូវសមត្ថភាពដឹកនាំ សម្របសម្រួល និងឆ្លើយតបបានទាន់ពេលវេលា។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់រូបឱ្យបន្តពង្រឹងកិច្ចសហការ ក្នុងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងអង្គភាព ដើម្បីចៀសវាងការត្រួតស៊ីគ្នានៃភារកិច្ច និងធានាឱ្យការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនាំកាសនេះគឺមានសារៈសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំក្រសួងព័ត៌មានមានការយល់ដឹងរួម និងច្បាស់លាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ស្របតាមអនុក្រឹត្យថ្មី ដើម្បីរួមគ្នាជំរុញប្រសិទ្ធភាពការងារ និងបំពេញបេសកកម្មរបស់ក្រសួងឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់សង្គម និងប្រជាពលរដ្ឋ៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





