ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការសហការគ្នារៀបចំពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំបើកអង្គពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ។
ពិធីផ្សព្វផ្សាយស្តីពីបទដ្ឋានបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ មន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញធ្វើរបាយការណ៍សង្ខេបអំពីដំណើរការនៃការរៀបចំឯកសារបទដ្ឋានបច្ចេកទេសទាំងអស់តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចបានជាស្ថាពរ និងការធ្វើបទបង្ហាញដោយសង្ខេបអំពីសៀវភៅបទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងផ្សព្វផ្សាយនាឱកាសនេះរួមមាន បទដ្ឋានបច្ចេកទេសថ្មីចំនួន ៩ផ្នែក ដែលមានសៀវភៅសរុបចំនួន ៤២ឯកសារ។
ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានរៀបចំពិធីផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ដ៏មានសារៈសំខាន់ឡើង ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។

ឯកឧត្ដម ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនអំពី គោលនយោបាយយុទ្ធសាស្ដ្រជាតិស្តីពីការអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍជនបទ ជាពិសេសការយកចិត្តទុកដាក់របស់ក្រសួងលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍សំខាន់ចំនួន ៤ គឺ៖ គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា បទដ្ឋានបច្ចេកទេសនេះ នឹងជួយគាំទ្រនិងបំពេញបន្ថែមនូវតម្រូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងសំណង់សិល្បការ្យ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។


ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹក ដែលតែងផ្តល់កិច្ចសហការនិងផ្តល់ការគាំទ្រយ៉ាងល្អនាពេលកន្លងមកជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជាពិសេសផ្លូវជនបទ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញថ្លែងសុន្ទរកថាផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវបទដ្ឋានបច្ចេកដែលជាឯកសារគតិយុត្តសម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍។

ឯកឧត្តមរដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ និងគ្រប់ភាគីពាក់ព័ន្ធទាំអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងភាពស៊ីសង្វាក់គ្នា ក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស និងបទពិសោធន៍រវាងមន្ត្រីជំនាញគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាវិស័យឯកជន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវលើការអនុវត្តបទដ្ឋានបច្ចេកទេសដែលបានផ្សព្វផ្សាយនាឱកាសនេះឱ្យបានត្រឹមត្រូវ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





