រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់គម្រោងវិនិយោគ ដែលជាប់គាំងក្នុងខេត្តរបស់ខ្លួន
AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--រសៀលថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់គម្រោងវិនិយោគអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការបង្កើតក្រុមហ៊ុន ព្រមទាំងនីតិវិធីផ្សេងក្នុងការបោះទុនវិនិយោគក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលទទួលបានដូចជា៖ ១.ជួយសម្រួលនីតិវិធីផ្សេងផ្នែកលិខិរដ្ឋបាល,២.ផ្នែកពន្ធ លើកលែងមាន រយៈពេល ៣ឆ្នាំ ៦ឆ្នាំ និង ៩ឆ្នាំ ។ហើយខេត្តព្រះសីហនុត្រូវបានដាក់ឪ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ហើយកម្មវិធីពិសេសជំរុញការវិនិយោគនេះ គឺចាប់អនុវត្តកាលពីឆ្នាំ២០២៤ បន្តរហូតដល់ឆ្នាំ២០២៧ ដែល មានលោកអភិបាលរងខេត្តចំនួនពីររូប ជាអ្នកជួយសម្របសម្រួលនីតិវិធី ដើម្បីជួយរុញច្រានខេត្តព្រះសីហនុបានលឿន។


ឯកឧត្តម អភិបាលខេត្តបានបន្តថា យើងមានគម្រោងស្នើសុំចំនួន ៥០០គម្រោង ពាក់ព័ន្ធនឹងអគារជាប់គាំងមាន ២១៧ គម្រោង ក្នុងនោះ ៧៦គម្រោងបានសាងសង់រួច និងបើកដំណើការ ៥៣គម្រោងកំពង់ដំណើការសាងសង់ និង ៦៩ផ្សេងទៀតបានដាក់ពាក្យស្នើសុំចូលកម្មវិធីពិសេសនេះ។ ទន្ទឹមនោះគម្រោងថ្មីមិនពាក់ព័ន្ធនឹងអគារជាប់គាំងមាន៤៣គម្រោង និងមានគម្រោង ពង្រីកថ្មី ២៥គម្រោង ក្នុងនោះ ១៥គម្រោងកំពង់ដំណើការនីតិវិធី។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ថ្ងៃនេះយើងបានអញ្ជើញខាងធនាគារចូលរួមក្នុងការរួមគ្នាដោះស្រាយបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ យើងអាចចចាររួមគ្នាដើម្បីធ្វើការដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ និងសូមជូនពរឱ្យបងប្អូនអាជីវករ ប្រកបមុខរបរកស៊ីកាន់តែប្រសើរឡើងថែមទៀត ៕


ដោយ ងូ សុមុនី





