លោក លី អំពាវនាវឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីបន្តការអភិវឌ្ឍជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ការកែទម្រង់ដែលមិនមានការរំខាន» គឺត្រូវការជាចាំបាច់ ដើម្បីលុបបំបាត់ការបំពានច្បាប់និងភាពអយុត្តិធម៌ និងកំណត់ប្រទេសជាតិនៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍជាបន្តបន្ទាប់។
លោក លី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយជំនួយការជាន់ខ្ពស់របស់លោកនៅវិមានឆឹងវ៉ាដេ ដោយលោកបាននិយាយថា គ្មានគោលនយោបាយណាមួយអាចមានប្រសិទ្ធភាពបានទេ ប្រសិនបើសាធារណជនយល់ឃើញថា វាមានប្រយោជន៍ជាងការបំពានច្បាប់ជាជាងការរក្សាវា។
លោកបាននិាយយថា «នោះហើយជាមូលហេតុដែលវាកាន់តែចាំបាច់ក្នុងការបន្តកែទម្រង់ដែលមិនមានការរំខាន ដែលកែតម្រូវការបំពានច្បាប់ ភាពអយុត្តិធម៌ និងភាពមិនប្រក្រតីដែលមានទម្ងន់ធ្ងន់លើជីវិតរស់នៅរបស់ប្រជាជន»។
លោកបានបន្ថែមដោយសំដៅទៅលើពាក្យស្លោកដែលទើបបង្កើតថ្មីសម្រាប់រដ្ឋបាលរបស់លោកថា «ប្រសិនបើធ្វើដូច្នេះ សាមគ្គីភាព និងការជឿទុកចិត្តរបស់សហគមន៍ទាំងមូលអាចត្រូវបានពង្រឹង ផ្លូវទៅកាន់សាធារណរដ្ឋកូរ៉េដែលមិនអាចជំនួសបានក៏នឹងកាន់តែរឹងមាំផងដែរ»។
ជាឧទាហរណ៍នៃការផ្លាស់ប្តូរជាក់ស្តែង លោក លី បានលើកឡើងពីការងាររបស់ក្រុមការងារអន្តរភ្នាក់ងារ ដែលបានជួយកាត់បន្ថយចំនួននៃឧក្រិដ្ឋកម្មយ៉ាងច្រើន។
លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាពិសេសចំពោះសកម្មភាពដែលរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច ដូចជាការកេងប្រវ័ញ្ចទីផ្សារ ការឃុបឃិត និងការរៀបចំតម្លៃភាគហ៊ុន និងបទល្មើសផ្សេងទៀតដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្ស ដូចជាឧក្រិដ្ឋកម្មផ្លូវភេទឌីជីថលគ្រឿងញៀន គ្រោះថ្នាក់ធ្ងន់ធ្ងរ និងអំពើពុករលួយក្នុងវិស័យសាធារណៈជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





