ឯកអគ្គរាជទូតកម្ពុជា បង្ហាញការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងកម្ពុជា–រ៉ូម៉ានី ឱ្យកាន់តែសកម្ម និងផ្តោតលើលទ្ធផលជាក់ស្តែង
AKP ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦–ក្នុងឱកាសអញ្ជើញថ្វាយសារតាំងជូន ឯកឧត្តម នីគូស័រ ដាន (Nicușor Dan) ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៊ូការ៉េស ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–រ៉ូម៉ានី ឱ្យឈានទៅកម្រិតថ្មីមួយ ដែលកាន់តែសកម្ម ជិតស្និទ្ធ និងផ្តោតលើលទ្ធផលជាក់ស្តែង។

ក្នុងឱកាសដ៏ឱឡារិកនេះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវព្រះរាជសព្ទសួរសុខទុក្ខ និងព្រះរាជសព្ទសាធុការដ៏កក់ក្តៅបំផុតពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម នីគូស័រ ដាន ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ព្រមទាំងព្រះរាជបំណងដ៏ស្មោះស្ម័គ្រ ជូនប្រជាជនរ៉ូម៉ានីឱ្យទទួលបានសន្តិភាព វិបុលភាព និងវឌ្ឍនភាពជានិច្ច។
ក្នុងជំនួបនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានគូសបញ្ជាក់ថា កម្ពុជា និងរ៉ូម៉ានី មានចំណងមិត្តភាពជាប្រពៃណី និងមានប្រវត្តិសាស្ត្រយូរអង្វែង ដែលត្រូវបានកសាងឡើងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងកិច្ចសហប្រតិបត្តិការ។ ទំនាក់ទំនងនេះក៏ត្រូវបានពូនជ្រំដោយការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីគោលជំហររបស់កម្ពុជា ដែលតែងតែផ្តល់សារៈសំខាន់ដល់ការគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់រដ្ឋទាំងអស់ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ កម្ពុជានៅតែជឿជាក់លើកិច្ចសន្ទនា ការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងពហុភាគីនិយម ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តម នីគូស័រ ដាន ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បានបង្ហាញការឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត និងបានបញ្ជាក់ពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានបង្ហាញឆន្ទៈក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែសកម្ម ជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម នីគូស័រ ដាន ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងការអប់រំ គឺជាវិស័យអាទិភាព ដែលគួរត្រូវបានជំរុញឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរគួរបន្តស្វែងរកឱកាសដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែង។
សម្រាប់វិស័យអប់រំ ឯកឧត្តមប្រធានាធិបតីបានគាំទ្រឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឧត្តមសិក្សានៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការរៀបចំ និងចុះ អនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យរ៉ូម៉ានី ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ កម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួម។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតី ដោយបានចាត់ទុកថា ការផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច និងអប់រំ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–រ៉ូម៉ានី ឱ្យកាន់តែស៊ីជម្រៅ និងផ្តល់លទ្ធផលជាក់ស្តែង។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ភាគីកម្ពុជា ក្នុងការសហការជាមួយភាគីរ៉ូម៉ានី ដើម្បីជំរុញគំនិតផ្តួចផ្តើម និងសំណើខាងលើឱ្យក្លាយជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។
ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនរ៉ូម៉ានី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥នាក់ ឱ្យមកបន្តការសិក្សានៅប្រទេសរ៉ូម៉ានីនាពេលខាងមុខ។ ឯកឧត្តមបានចាត់ទុកការផ្តល់អាហារូបករណ៍នេះថា ជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាស្ពានសម្រាប់ពង្រឹងចំណងមិត្តភាពរវាង ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមក៏បានស្នើសុំឱ្យភាគីរ៉ូម៉ានីពិចារណា បន្ត និងបង្កើនការផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ឱ្យបានកាន់តែច្រើន និងមានជាបន្តបន្ទាប់ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ព្រមទាំងជួយបង្កើតធនធានមនុស្សដែលអាចក្លាយជាស្ពានដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា–រ៉ូម៉ានីនាពេលអនាគត។

ឯកឧត្តមឯកអគ្គរាជទូតបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រព័ន្ធផ្សព្វផ្សាយជាតិកម្ពុជា និងរ៉ូម៉ានី តាមរយៈការរៀបចំ និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ បច្ចេកទេស និងខ្លឹមសារព័ត៌មាន ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីរ៉ូម៉ានីបានឯកភាពចំពោះសំណើនេះ និងបង្ហាញឆន្ទៈក្នុងការបន្តពិភាក្សា ដើម្បីឈានទៅការអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានផ្តោតការយកចិត្តទុកដាក់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការកម្ពុជា–រ៉ូម៉ានី ក្នុងក្របខ័ណ្ឌសហគមន៍ហ្វ្រង់កូហ្វូនី។ ក្នុងនាមជាសមាជិកនៃសហគមន៍នេះ ប្រទេសទាំងពីរមានឱកាសធ្វើការរួមគ្នា ដើម្បីពង្រឹងតួនាទីហ្វ្រង់កូហ្វូនី មិនត្រឹមតែក្នុងវិស័យភាសា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ឯកឧត្តមបានចាត់ទុកហ្វ្រង់កូហ្វូនីថា អាចដើរតួនាទីជា «ស្ពាន» ដ៏រឹងមាំតភ្ជាប់អឺរ៉ុប និងអាស៊ី ហើយកម្ពុជា និងរ៉ូម៉ានីអាចរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹងស្ពាននៃកិច្ចសហប្រតិបត្តិការនេះ។
ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានប្តេជ្ញាប្រើប្រាស់ថាមពល សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យទំនាក់ទំនងកម្ពុជា–រ៉ូម៉ានី កាន់តែមានភាពសកម្ម ជិតស្និទ្ធ និងផ្តោតកាន់តែខ្លាំងលើលទ្ធផលជាក់ស្តែង។
គោលដៅសំខាន់មិនមែនគ្រាន់តែរក្សាមិត្តភាពដែលប្រទេសទាំងពីរបានកសាងអស់រយៈពេលជាច្រើនទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺការប្រែក្លាយមិត្តភាពដ៏យូរអង្វែងនេះទៅជា ភាពជាដៃគូដែលសម្លឹងឆ្ពោះទៅអនាគត និងអាចផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូតក៏បានបង្ហាញជំនឿថា ដោយមានការគាំទ្រពី ឯកឧត្តម នីគូស័រ ដាន ប្រធានាធិបតីរ៉ូម៉ានី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់រ៉ូម៉ានី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរ៉ូម៉ានី នឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសតាមរយៈការប្រែក្លាយគំនិត និងការប្តេជ្ញាចិត្តទៅជាគម្រោង និងសកម្មភាពដែលមានលទ្ធផលជាក់ស្តែង។
ជាទីបញ្ចប់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានជូនពរ ឯកឧត្តម នីគូស័រ ដាន ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់ ព្រមទាំងជូនពរប្រជាជនរ៉ូម៉ានីឱ្យបន្តទទួលបានសន្តិភាព វិបុលភាព និងវឌ្ឍនភាពជានិរន្តរ៍ និងសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងរ៉ូម៉ានី បន្តរីកចម្រើន រឹងមាំ និងស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី





