ឥណ្ឌូណេស៊ីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូដ៏ខ្លាំងក្លា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្កើតក្របខ័ណ្ឌឆ្លើយតបអន្តរវិស័យ ដើម្បីត្រៀមខ្លួនសម្រាប់ហានិភ័យនៃបាតុភូតអាកាសធាតុអែលនីញ៉ូដ៏ខ្លាំងក្លានៅឆមាសទីពីរនៃឆ្នាំ២០២៦ ដោយផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួនបួន គឺវិស័យកសិកម្ម និងព្រៃឈើ វិស័យថាមពល និងធនធានទឹក វិស័យថែទាំសុខភាព និងវិស័យនេសាទ និងអាហារ។
លោក ឡេណាដូ តេហ្គូ អនុប្រធានទទួលបន្ទុកផ្នែកស្បៀងអាហារ ធនធានធម្មជាតិ និងបរិស្ថាន នៃក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី បានថ្លែងនៅក្នុងកិច្ចសន្ទនាជាតិ ស្តីពីការពង្រឹងការឆ្លើយតបប្រឆាំងនឹងបាតុភូតនេះ ថា សេចក្តីសង្ខេបគោលនយោបាយថ្មីបានកំណត់អំពីហានិភ័យ គូសផែនទីចែកចាយផលប៉ះពាល់ និងបង្កើតទិសដៅឆ្លើយតប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara។
ពីមុន ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានព្យាករណ៍ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លាអាចកើតឡើងនៅឆមាសទីពីរនៃឆ្នាំ២០២៦ ដែលអាចកាត់បន្ថយទឹកភ្លៀងនៅតំបន់ខ្លះឱ្យនៅក្រោម ២០មីលីម៉ែត្រក្នុងមួយខែ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា បើគ្មានអន្តរាគមន៍ដំបូងទេ ការខាតបង់សេដ្ឋកិច្ចពីការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអាទិភាពអាចលើសពី ១១១ពាន់លានដុល្លារអាម៉េរិក។
ក្រោមផែនការឆ្លើយតបរបស់ខ្លួនសម្រាប់វិស័យកសិកម្ម និងព្រៃឈើ ប្រទេសឥណ្ឌូណេស៊ីកំពុងបង្កើនការបង្ការ និងពន្លត់អគ្គីភ័យនៅក្នុងព្រៃឈើ និងតំបន់ដីសើម ការដាក់ពង្រាយបច្ចេកវិទ្យាកែប្រែអាកាសធាតុ ការកែលម្អប្រព័ន្ធធារាសាស្រ្ត ការដាក់អណ្តូងខួងឱ្យដំណើរការ ការចែកចាយពូជដំណាំធន់នឹងគ្រោះរាំងស្ងួត និងការពង្រីកការធានារ៉ាប់រងកសិកម្ម។ វិធានការទាំងនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួតលើផលិតកម្មស្រូវ ប្រេងដូង និងកាហ្វេ។
នៅក្នុងវិស័យថាមពល និងធនធានទឹក កន្លែងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សអាងទន្លេកំពុងត្រូវបានថែរក្សា ខណៈដែលវិធានការកែប្រែអាកាសធាតុកំពុងត្រូវបានអនុវត្តដើម្បីជួយរក្សាការផ្គត់ផ្គង់ទឹក និងកាត់បន្ថយផលប៉ះពាល់លើការផលិតវារីអគ្គិសនី។ ទន្ទឹមនឹងនេះ ការថយចុះនៃពពកក្នុងរដូវប្រាំងត្រូវបានគេរំពឹងថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផលិតថាមពលពន្លឺព្រះអាទិត្យកាន់តែច្រើន។
នៅក្នុងវិស័យថែទាំសុខភាព អាជ្ញាធរឥណ្ឌូណេស៊ីកំពុងមានគម្រោងពង្រឹងការឃ្លាំមើលជំងឺដែលងាយនឹងកើតមាន ដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ ព្រមទាំងបង្កើនការត្រៀមខ្លួននៃប្រព័ន្ធថែទាំសុខភាព ធានាការទទួលបានទឹកស្អាត និងបង្កើនការព្រមានអំពីហានិភ័យសម្រាប់សហគមន៍។
ទន្ទឹមនឹងនេះ ទិន្នន័យសមុទ្រសាស្ត្រនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតផែនការផលិតកម្ម និងអនុវត្តបច្ចេកវិទ្យាចិញ្ចឹមត្រីប្រកបដោយប្រសិទ្ធភាពជាងមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





