វិស័យអាកាសចរណ៍រវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងដំណើរឆ្ពោះទៅមុខ
AKP ភ្នំពេញ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦ -- ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរឡើងៗរហូតដល់មានកិច្ចព្រមព្រៀមលំហូរពាណិជ្ជកម្មជាមួយគ្នា ការបញ្ចុះអត្រាពន្ធគយមកនៅត្រឹម១០%ក្នុងការនាំទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ការលក់យន្តហោះប្រភេទប៊ូអ៊ីង (Boeing)ជាច្រើនគ្រឿងមកឱ្យកម្ពុជា និងឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ដែលជួយពង្រឹងដល់សន្តិសុខសម្រាប់ប្រទេសទាំងពីរថែមទៀត។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាអំពីការបញ្ជាទិញយន្តហោះប៊ូអ៊ីង (Boeing) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងតម្លៃ ៣.២ ពាន់លានដុល្លារ ការវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក របស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក (DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ផែនការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានថ្មីនេះ ព្រមទាំងពិភាក្សាពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា Cape Town។

ស្ថានទូតសហរដ្ឋអាមេរិកបានបន្តទៀតថា ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់យើងកំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា៕
ដោយ វាសនា





