អភិបាលខេត្តបន្ទាយមានជ័យជំរុញឱ្យរៀបចំផែនការថវិកាឆ្នាំ២០២៧ និងយុទ្ធសាស្ត្រ ២០២៧-២០២៩ ឱ្យមានតម្លាភាព ដើម្បីឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋ និងការអភិវឌ្ឍខេត្តឱ្យចំទិសដៅ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំពិភាក្សាលើ «គម្រោងចំណូល-ចំណាយថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៧» និង «សៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩»ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តជាច្រើននាក់។

ក្នុងឱកាសបើកកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់អនុសាសន៍ និងការណែនាំយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកា និងផែនការយុទ្ធសាស្ត្រថវិការយៈពេលមធ្យមនេះ មិនមែនគ្រាន់តែជាកិច្ចការរដ្ឋបាលសាមញ្ញនោះទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកំណត់វាសនានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តរបស់យើង។ រាល់គម្រោងចំណូល-ចំណាយដែលបានគ្រោងទុកត្រូវតែឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងមានវិជ្ជមានភាពខ្ពស់ ឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា រាល់មន្ទីរ-អង្គភាពជំនាញទាំងអស់ ត្រូវធ្វើការពិនិត្យ និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់មុននឹងដាក់បញ្ចូលក្នុងផែនការថវិកា ដោយត្រូវផ្តោតសំខាន់លើការប្រមូលចំណូល ត្រូវខិតខំស្រាវជ្រាវ និងពង្រឹងយន្តការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយតាមច្បាប់កំណត់ ដើម្បីបង្កើនលទ្ធភាពថវិកាផ្ទាល់ខ្លួនរបស់ខេត្ត។ការគ្រោងចំណាយត្រូវអាទិភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់សេវាសាធារណៈ សុខុមាលភាពសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ចក្ខុវិស័យ ២០២៧-២០២៩ ត្រូវរៀបចំឱ្យមានភាពប្រាកដនិយម ស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាការអភិវឌ្ឍខេត្តមានចីរភាព និងសមធម៌។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញឱ្យសមាជិកកិច្ចប្រជុំទាំងអស់ ចូលរួមមតិយោបល់ឱ្យបានផុសផុល ពិភាក្សាដេញដោលលើចំណុចខ្វះខាត និងកែសម្រួលព្រាងផែនការនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់បំផុត មុននឹងដាក់ឆ្លងការអនុម័តជាផ្លូវការ៕
ដោយ ឈុន សារ៉ាត





