មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ប្រើប្រាស់ “បង្អួចប្រជាសាស្ត្រ” ដើម្បីសម្រេចចក្ខុវិស័យប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០
AKP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាចាប់យក «ឱកាសមាស» និងប្រើប្រាស់បង្អួចប្រជាសាស្ត្រ ដើម្បីធានាថា កម្ពុជា អាចឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ និងចៀសផុតពីអន្ទាក់ចំណូលមធ្យម នៅឆ្នាំ២០៥០។ ការអំពាវនាវរបស់អនុប្រធានទី២ព្រឹទ្ធសភាបែបនេះ ក្នុងឱកាសដែលព្រឹទ្ធសភាកម្ពុជា បានរៀបចំសិក្ខាសាលាជាន់ខ្ពស់ស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០» ដោយផ្តោតលើការពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមសេដ្ឋកិច្ច ព្រមទាំងប្រមូលធាតុចូលយុទ្ធសាស្ត្រ ដើម្បីជួយកម្ពុជា ចៀសផុតពី «អន្ទាក់ចំណូលមធ្យម» និងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពព្រឹទ្ធសភា ដោយមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ធនាគារពិភពលោក វិស័យឯកជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធប្រមាណជាង ២៧០នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកំណត់ចក្ខុវិស័យជាតិឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការសម្រេចបាននូវគោលដៅនេះតម្រូវឱ្យកម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីចៀសវាងបញ្ហា «អន្ទាក់ចំណូលមធ្យម» ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ជួបប្រទះ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ថា៖ «នេះគឺជាឱកាសមាសដែលមានពេលកំណត់ សម្រាប់កម្ពុជាក្នុងការបង្កើនផលិតភាព កែលម្អគុណភាពការងារ ពង្រឹងមូលធនមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ» ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក កម្លាំងពលកម្មវ័យធ្វើការរបស់កម្ពុជា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅប្រហែលឆ្នាំ២០៤៣ ដែលជាឱកាសសំខាន់ ឬហៅថា «បង្អួចប្រជាសាស្ត្រ» សម្រាប់ប្រែក្លាយកម្លាំងពលកម្មទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរយៈពេលវែង។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក កម្ពុជា សម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមគួរឱ្យកត់សម្គាល់ រួមមានការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកលលោក។
ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយជាច្រើន ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ច រួមមានការរក្សាស្ថិរភាពសារពើពន្ធ ការគាំទ្រគ្រួសារងាយរងគ្រោះ ការអភិវឌ្ឍទីផ្សារការងារ និងជំនាញ ការលើកកម្ពស់ការអប់រំ សុខាភិបាល ការគាំពារសង្គម និងការជំរុញវិនិយោគ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងវិស័យការងារ កម្ពុជា បានបង្កើតការងារប្រមាណ ៨០០ ០០០ កន្លែង ក្នុងឆ្នាំ២០២៥ រួមទាំងការងារតាមវិស័យក្នុងប្រព័ន្ធជាង ៤០០ ០០០ កន្លែង ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងអនុវត្តន៍ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍជំនាញឆ្នាំ២០២៣-២០៣៥ ដើម្បីពង្រឹងគុណភាពកម្លាំងពលកម្ម។

ទាក់ទងនឹងការអប់រំ និងមូលធនមនុស្ស ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ និងផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ២០២៤-២០៣០ ដើម្បីកែលម្អគុណភាពរៀនសូត្រ និងពង្រឹងសមត្ថភាពគ្រូបង្រៀន។ ចំពោះការគាំពារសង្គម និងសុខាភិបាល ឯកឧត្តមបណ្ឌិតបានអះអាងផងដែរថា រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ និងការកើនឡើងនៃប្រជាជនវ័យចំណាស់នាពេលអនាគត។
ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ក៏បានទទួលស្គាល់ផងដែរថា កម្ពុជា នៅមាន «គម្លាតសេសសល់» ដែលត្រូវបំពេញ ដូចជាការបង្កើនខ្សែច្រវាក់តម្លៃរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក ការពង្រឹងជំនាញ STEM និងឌីជីថល ការត្រៀមខ្លួនសម្រាប់សង្គមវ័យចំណាស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបជូនថា លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេចបានប្រមាណ ៥.១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ខណៈការវិនិយោគកំពុងពង្រីកទៅវិស័យថ្មីៗដូចជា អេឡិចត្រូនិក ឧបករណ៍អគ្គិសនី ថាមពលកកើតឡើងវិញ និងផលិតកម្មផ្សេងៗ។ ឯកឧត្តមបណ្ឌិតអះអាងថា៖ «កម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាព សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងស្រុក និងបង្កើនទំនាក់ទំនងជាមួយក្រុមហ៊ុនវិនិយោគបរទេស ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងជំរុញការផ្ទេរបច្ចេកវិទ្យា»។
សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមានការរក្សាវិន័យសារពើពន្ធ ការបង្កើនផលិតភាពការងារ ការអភិវឌ្ឍជំនាញសម្រាប់ទីផ្សារការងារនាពេលអនាគត ការពង្រឹងការគាំពារសង្គម និងការទាក់ទាញវិនិយោគឯកជន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះធាតុចូលយុទ្ធសាស្ត្រពីវាគ្មិន និងអ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ថា មតិយោបល់ទាំងនេះនឹងក្លាយជាមូលដ្ឋានសម្រាប់រៀបចំមាគ៌ាសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅឆ្នាំ២០៥០ ឱ្យមានភាពធន់ ចីរភាព និងបរិយាបន្ន៕
ដោយ៖ រិទ្ធី, រូបថត៖ លន ហ្សាឌីណា





