ធនាគារកណ្តាលចិននឹងពង្រីកការទូទាត់ប្រាក់យន់ឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ -- ធនាគារប្រជាជនចិន (PBC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនជាប្រាក់យន់ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះនៅឆមាសទីពីរនៃឆ្នាំ២០២៦។
ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន «នឹងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់យន់ឆ្លងដែន ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យទូទាត់ឆ្លងដែន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រើប្រាស់ប្រាក់យន់ឌីជីថលឆ្លងដែន»។
ធនាគារក៏បានកត់សម្គាល់ផងដែរពីភាពចាំបាច់ «ក្នុងការអភិវឌ្ឍទីផ្សារប្រាក់យន់នៅក្រៅប្រទេសឱ្យបានទូលំទូលាយ គាំទ្រដល់ការពង្រីកសមត្ថភាពរបស់ទីក្រុងសៀងហៃក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុឆ្លងដែន និងក្រៅប្រទេស និងពង្រឹងតួនាទីរបស់ទីក្រុងហុងកុងជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រាក់យន់នៅក្រៅប្រទេស»។
កាលពីពេលថ្មីៗនេះ ធនាគារប្រជាជនចិនបានរៀបចំកិច្ចប្រជុំមួយ ដែលធ្វើឡើងដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់ធនាគារនៅឆមាសទីពីរនៃឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





