រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- គណៈប្រតិភូរុស្ស៊ីនៅក្នុងសម័យប្រជុំលើកទី៣១ នៃសភាអាជ្ញាធរបាតសមុទ្រអន្តរជាតិ (ISA) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីគណៈប្រតិភូរុស្ស៊ី ដែលត្រូវបានពិនិត្យដោយ RIA Novosti កាលពីថ្ងៃព្រហស្បតិ៍។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានចៀសវាងពីការចូលរួមសន្ធិសញ្ញានេះ ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក។ នៅដើមឆ្នាំ១៩៨២ប្រធានាធិបតីសហរដ្ឋអាមេរិក លោក រ៉ូណាល់ រាហ្គែន បានប្រកាសថាទីក្រុងវ៉ាស៊ីនតោនយល់ថា បទប្បញ្ញត្តិនៃអនុសញ្ញានាពេលអនាគត ស្តីពីការទាញយកធនធានសមុទ្រជ្រៅ គឺមិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា រុស្ស៊ីអំពាវនាវម្តងទៀតឱ្យសហរដ្ឋអាមេរិកក្លាយជាភាគីនៃអនុសញ្ញាឆ្នាំ១៩៨២ ដើម្បីអនុវត្តតាមបទប្បញ្ញត្តិ និងនីតិវិធីរបស់ខ្លួនយ៉ាងពេញលេញ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ទីក្រុងមូស្គូក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសទាំងអស់ជៀសវាងការចាត់វិធានការឯកតោភាគីនៅក្នុងវិស័យនេះ និងបង្កើតអនុសញ្ញា ឬយន្តការស្របគ្នាដែលបង្កគ្រោះថ្នាក់ដល់ការប្រើប្រាស់ធនធាននៃបាតសមុទ្រប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព និងសមហេតុផល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





