អាជីវករនៅ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ រំភើបចិត្តទទួលបានតូបលក់ដូរថ្មីក្រោមការគិតគូរជាប់ជានិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី១ខែសីហាឆ្នាំ២០២៦ -- ជីវភាពរស់នៅ និងអនាគតដ៏ស្រស់បំ ព្រងរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ជួបការលំបាកពីបញ្ហាអសន្តិសុខ និងការភៀសសឹក ត្រូវបានលើកកម្ពស់ជាថ្មីម្តងទៀតតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ០ភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ ជូនដល់បងប្អូនអាជីវករ ដែលជាប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅទីតាំង «ភូមិរង់ចាំ» ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីធានាបាននូវមុខរបរ និងជីវភាពប្រចាំថ្ងៃប្រកបដោយស្ថិរភាព។
ថ្លែងក្នុងពិធីសំណេះសំណាលដ៏មានអនត្ថន័យនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់យ៉ាងមុតមាំពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងមិនដែលបោះប ង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។

"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ចកាលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ ជីវភាពរស់នៅ និងការស្ថាបនាអនាគតរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។ ការរៀបចំទីតាំងលក់ដូរ និងការចាប់ឆ្នោតទទួលបានតូបថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលតែងតែឈរនៅកៀកកើយបងប្អូន ក្នុងការធានាឱកាសសេដ្ឋកិច្ច ការបង្កើតប្រាក់ចំណូល និងការស្តារជីវភាពរស់នៅឱ្យមានភាពប្រក្រតីឡើងវិញប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ។"
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការផ្តល់សេវាគាំទ្រផ្សេងៗ ដើម្បីឱ្យតំបន់នេះក្លាយជាសហគមន៍រស់នៅ និងកន្លែងធ្វើអាជីវកម្មដែលមានភាពរីកចម្រើន និងប្រកបដោយសុវត្ថិភាព។ ពិធីចាប់ឆ្នោតជ្រើសរើសតូបថ្ងៃនេះ បានបង្កប់នូវបរិយាកាសសប្បាយរីករាយ និងសំណើចចេញពីបេះដូងរបស់បងប្អូនអាជីវករជាច្រើនរូប ដែលទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយ។

លោកយាយ ម៉ៅ សារ៉ន អាយុ ៦២ឆ្នាំ ជាអាជីវករម្នាក់ក្នុងចំណោមពលរដ្ឋដែលបានចាប់ឆ្នោតបានតូបលក់ដូរ បានបង្ហាញអារម្មណ៍រំភើបថាពេលដែលខ្ញុំចាប់ឆ្នោតបានលេខតូប និងបានឃើញទីតាំងផ្ទាល់ ខ្ញុំពិតជារំភើបចិត្តខ្លាំងមែនទែន រហូតនិយាយមិនចេញ។ ពួកយើងធ្លាប់តែជួបការលំបាក ខ្លាចក្រែងគ្មានទីពឹង ប៉ុន្តែពេលនេះរាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តមអ៊ុំ រាត្រី បានជួយផ្តល់ទាំងផ្ទះសម្បែង និងឥឡូវមានទាំងតូបលក់ដូរទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតីនិងថ្នាក់ដឹកនាំគ្រប់រូបដែលបានជួយជីវិតពួកយើងឱ្យមានថ្ងៃនេះ។
លោក ឈឿន សុខុម អាយុ ៣៨ឆ្នាំ អាជីវករលក់ដូរគ្រឿងទេសនៅទីតាំងភូមិរង់ចាំ បានសម្តែងការប្តេជ្ញាចិត្តខ្ពស់ថាការមានតូបលក់ដូរត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់បែបនេះ ធ្វើឱ្យពួកយើងមានកម្លាំងចិត្តក្នុងការរកស៊ីចិញ្ចឹមកូនចៅបន្តទៀត។ ពួកយើងសន្យាថាខិតខំប្រឹងប្រែងរកស៊ី រក្សាអនាម័យ និងសហការល្អជាមួយអាជ្ញាធរ ដើម្បីបង្កើតឱ្យមានសហគមន៍អាជីវកម្មមួយដែលស្អាត និងមានសាមគ្គីភាពល្អ។
ពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរនៅ «ភូមិរង់ចាំ» ឃុំស្លក្រាម ស្រុកស្វាយចេក នាព្រឹកនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម ស្និទ្ធស្នាល និងយុត្តិធម៌ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារខេត្តបន្ទាយមានជ័យ ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតី រាជរដ្ឋាភិបាលបម្រើប្រជាជននិងការមិនទុកចោលពលរដ្ឋណាម្នាក់ឡើយ៕
ដោយ ៖ឈុនសារ៉ាត





