អភិបាលខេត្តកណ្តាល៖ ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកចុងក្រោយ គឺជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានគូសបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកចុងក្រោយ គឺជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល ដែលជាសមិទ្ធផលបានកើតចេញពីការគិតគូរ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមជំរុញយុទ្ធនាការចុះបញ្ជីដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការជំរុញពន្លឿនការចែកវិញ្ញាបនបត្របញ្ចប់ជាស្ថាពរដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាបាននូវសុខ សុវត្ថិភាពផ្លូវច្បាប់ ក៏ដូចជាភាពកក់ក្តៅពិតប្រាកដលើការកាន់កាប់ដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីនៅខេត្តកណ្តាល។

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន បាន
សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុង ស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា មិនគិតពីការនឿយហត់ ចុះបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋយ៉ាងសកម្មរហូតសម្រេចបានជោគជ័យក្នុងការបិទបញ្ចប់យុទ្ធនាការទូទាំងខេត្តទាំងស្រុង។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តកណ្តាលមានទីតាំងយុទ្ធសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម គ្របដណ្តប់លើផ្ទៃក្រឡាសរុប ៣ ២៧៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ១ ៤៣៤ ៣៣៦នាក់។
គិតត្រឹមឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់ខេត្តមានចំនួន ៤ ២៥៩ លានដុល្លារអាម៉េរិក ដែលចំណូលសម្រាប់មនុស្សម្នាក់ៗបានកើនដល់ ៣ ០០៦ ដុល្លារអាម៉េរិក។ សន្ទុះនៃការអភិវឌ្ឍដ៏ឆាប់រហ័សនេះបានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់ការវិនិយោគ និងលំនៅឋានកើនឡើងជាលំដាប់ និងទាមទារចាំបាច់បំផុតនូវការធានាសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ទៀតថា ក្នុងស្មារតីនេះ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសមុំទី៤ នៃបញ្ចកោណទី៤ ស្តីពីការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បាន និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយអាទិភាពទាំង ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសអាទិភាពគន្លឹះទី៥ តាមរយៈការពន្លឿនការចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ដោយឈរលើអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា សមិទ្ធផលនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់វិវាទ ធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងប្រែក្លាយដីធ្លីទៅជាប្រភពទុនដ៏រឹងមាំសម្រាប់ការវិនិយោគ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល និងសង្គមជាតិទាំងមូល៕
ដោយ៖ ចាន់ សុភឿន





