ចិននឹងពង្រីកការគាំទ្រដល់ក្មេងជំងឺអូទីស្សឹមជាមួយនឹងកម្មវិធីពិនិត្យសុខភាពដំបូង និងកម្មវិធីអប់រំពិសេស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសចិនបានប្រកាសពីផែនការពង្រីកប្រព័ន្ធគាំទ្ររបស់ខ្លួនសម្រាប់បុគ្គលដែលមានជំងឺអូទីស្សឹមក្នុងរយៈពេលផែនការប្រាំឆ្នាំលើកទី១៥ (ឆ្នាំ២០២៦–២០៣០)។ ដោយត្រូវបានដឹកនាំដោយសហព័ន្ធជនពិការចិន គំនិតផ្តួចផ្តើមជាតិនេះមានគោលបំណងបង្កើតគំរូគាំទ្រវដ្តជីវិតពេញលេញ ដែលគ្របដណ្តប់គ្រប់យ៉ាងចាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង និងការស្តារនីតិសម្បទារហូតដល់ការអប់រំ និងការថែទាំរយៈពេលវែង។
ការផ្តោតសំខាន់នៃយុទ្ធសាស្ត្រនេះ គឺការអន្តរាគមន៍ដំបូងសម្រាប់កុមារអាយុពី ០ឆ្នាំ ដល់ ០៦ឆ្នាំ ដែលជារយៈពេលដ៏សំខាន់មួយដោយសារតែភាពបត់បែនខួរក្បាលខ្ពស់ និងកង្វះការព្យាបាលវេជ្ជសាស្រ្តសម្រាប់ជំងឺនេះ។ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រទេសចិននឹងដាក់ចេញនូវការត្រួតពិនិត្យស្តង់ដារទូទាំងប្រទេស ដោយតម្រូវឱ្យតំបន់កម្រិតទីក្រុងទាំងអស់ផ្តល់ជំនួយស្តារនីតិសម្បទាអូទីស្សឹម និងគាំទ្រទីក្រុងធំៗក្នុងការសាងសង់សាលាអប់រំឯកទេស។
វិធានការទាំងនេះបង្កើតឡើងនៅលើកិច្ចខិតខំប្រឹងប្រែង ដែលមានស្រាប់ដើម្បីជួយដល់ប្រជាជនជាង ១៣លាននាក់ដែលមានជំងឺអូទីស្សឹម ដែលតំណាងឱ្យចំណែកធំបំផុតនៃពិការភាពផ្លូវចិត្តរបស់ប្រទេសចិន។រដ្ឋាភិបាលបានបង្កើតតំបន់សាកល្បងសម្រាប់កំណែទម្រង់ការអប់រំពិសេសរួចហើយ ដោយបានបើកសាលារៀនអូទីស្សឹមដែលផ្តល់ការអប់រំមត្តេយ្យសិក្សាដោយឥតគិតថ្លៃរហូតដល់វិទ្យាល័យសម្រាប់កុមារដែលរងផលប៉ះពាល់ពីគ្រួសារដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





