ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកមង្គលបូរី ជំរុញ បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត ព្រមទាំងលទ្ធផលវេទិកាសាធារណៈ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់យ៉ាងមុតមាំថា ការយកចិត្តទុកដាក់ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺជាបេះដូងនៃការបំពេញការងាររបស់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា ឆេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផល្នការងារជាច្រើនក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ កន្លងមកនេះ ជាពិសេសតាមរយៈការចុះធ្វើវេទិកាសាធារណៈដើម្បីក្តាប់ឱ្យបាននូវសុខទុក្ខ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់។
ទន្ទឹមនឹងការលើកសរសើរនេះ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗដោយ ជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដោយភាពទន់ភ្លន់ ម្ចាស់ការ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ រហ័សទាន់ចិត្ត និងតម្លាភាព ព្រោះថាការពេញចិត្តរបស់ប្រជាពលរដ្ឋ គឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់រាជរដ្ឋាភិបាល។

"ការចុះមូលដ្ឋានមិនមែនត្រឹមតែជាការប្រជុំរាយការណ៍នោះទេ ប៉ុន្តែវាគឺជាស្ពានតភ្ជាប់រវាងរដ្ឋ និងប្រជាពលរដ្ឋ។ រាល់សំណូមពរ និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈ ត្រូវតែមានដំណោះស្រាយជាក់ស្តែង និងឆ្លើយតបចំតម្រូវការរបស់ពួកគាត់។"នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមជាឆេង។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំបូកសរុបនេះដែរ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ការងារឆមាសទី១ និងបានកំណត់យកទិសដៅការងារសំខាន់ៗបន្តទៀតសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការជំរុញការអភិវឌ្ឍន៍មូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ ឈុន សារ៉ាត





