បង្រៀនប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងការប្រើប្រាស់ដ្រូន ដល់មន្ត្រីឧទ្យានុរក្ស និងសហគមន៌តំបន់ការពារធម្មជាតិ នៅខេត្តតំបន់ឆ្នេរសមុទ្រទាំង៤
AKPកោះកុងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៦–
តាមរយៈគម្រោង CamAdapt ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលចំនួនពីរថ្ងៃ ស្តីពី ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងការប្រើប្រាស់ដ្រូន (Drone) ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជំនាញ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាភូមិសាស្ត្រ សម្រាប់ការប្រមូល និងវិភាគទិន្នន័យ ការតាមដានស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថាក្នុងរយៈពេលពីរថ្ងៃ សិក្ខាកាមបានសិក្សាទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងលើ ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ប្រព័ន្ធកំណត់ទីតាំងសកល (GPS) និងដ្រូន រួមមានការប្រមូលទិន្នន័យភូមិសាស្ត្រ ប្រតិបត្តិការដ្រូន ការកែច្នៃរូបភាពពីលើអាកាស និងការរៀបចំផែនទីឌីជីថល។ ចំណេះដឹង និងជំនាញទាំងនេះ នឹងរួមចំណែកពង្រឹងសមត្ថភាពក្នុងការតាមដានការប្រែប្រួលនៃបរិស្ថាន និងធនធានធម្មជាតិ គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញការសម្រេចចិត្តផ្អែកលើទិន្នន័យ។

វគ្គបណ្តុះបណ្តាលនេះ រួមចំណែកពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេស សម្រាប់ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរសមុទ្រ និងធនធានធម្មជាតិឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាភូមិសាស្ត្រ និងទិន្នន័យដែលមានភាពជឿទុកចិត្តបាន ដើម្បីគាំទ្រដល់ការតាមដាន និងការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៥៥នាក់ ក្នុងនោះស្ត្រី ៧នាក់ រួមមានមន្ត្រីក្រសួងបរិស្ថាន មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង មន្ត្រីឧទ្យានុរក្ស និងតំណាងសហគមន៍តំបន់ការពារធម្មជាតិ៕
ដោយ៖មករា





