រាជរដ្ឋាភិបាលបន្តពង្រឹងសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ! ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចែកប័ណ្ណកម្មសិទ្ធិជាង ២៨០០ ប័ណ្ណ នៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការធានាដល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកប័ណ្ណសម្គាល់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសាលាឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

នៅក្នុងយុទ្ធនាការនេះ ប្រជាពលរដ្ឋទទួលបាននូវ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណក្រហម) សរុបចំនួន ២ ៨៥៤ប័ណ្ណ គ្របដណ្តប់លើ ០៤ភូមិក្នុងឃុំអូរបីជាន់ រួមមានភូមិប្រាសាទ ភូមិព្រាវចាស់ ភូមិស្នួលទ្រេត និងភូមិទំនប់ដាច់។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការផ្ដល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លី និងការផ្តល់ «សុវត្ថិភាពនៃការកាន់កាប់ដីធ្លី» ជូនប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអសកម្ម និងកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា«ប័ណ្ណកម្មសិទ្ធិ ឬប័ណ្ណក្រហមដែលបងប្អូនទទួលបានថ្ងៃនេះ មិនត្រឹមតែជាលិខិតបញ្ជាក់ពីសិទ្ធជាម្ចាស់លើអចលនវត្ថុស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា "ដើមទុនរស់" ដ៏មានតម្លៃ ដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការទ្រទ្រង់ និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ ដូចជាការខ្ចីទុនពីធនាគារដើម្បីពង្រីកមុខរបរ ឬធ្វើអាជីវកម្មផ្សេងៗដោយក្តីកក់ក្តៅ និងមានទំនុកចិត្តបំផុត»។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបិទផ្សាយនិងទទួលប័ណ្ណ សូមអញ្ជើញមកពិនិត្យ និងបំពេញនីតិវិធីឱ្យបានទាន់ពេលវេលាកំណត់។

ការចែកប័ណ្ណសម្គាល់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦) នៅសាលាឃុំអូរបីជាន់។ ផុតរយៈពេលកំណត់នេះ មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ នឹងបន្តចែកជូននៅមន្ទីរផ្ទាល់រៀងរាល់ម៉ោងធ្វើការដោយគ្មានកំណត់ពេល។
ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (០៤ភូមិបន្ថែមទៀត ស្មើនឹង ៣ ៤៨៨ក្បាលដី រួមមាន÷ ភូមិបន្ទាយថ្មី ភូមិថ្នល់បត់ ភូមិយាងដង្គំ និងភូមិអូរបីជាន់) មានរយៈពេល ១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូន ជាម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យឱ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានឱ្យទាន់ពេលវេលា។
ការទទួលបានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនាពេលនេះ បានបង្កើននូវក្តីរំភើបសប្បាយរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលបានអញ្ជើញទៅទទួលប័ណ្ណផ្ទាល់ដៃ បានសម្តែងនូវចំណាប់អារម្មណ៍ដោយក្តីរំភើបថា«ពកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះស្រាយ និងនាំយកប័ណ្ណកម្មសិទ្ធិដីធ្លីមកជូនពួកយើងដល់មូលដ្ឋានផ្ទាល់។ ការមានប័ណ្ណនេះ ធ្វើឱ្យពួកយើងអស់ក្តីបារម្ភ រស់នៅមានភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ដីធ្លីសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារសប្បាយរីករាយក្រៃលែង៕
ដោយ ឈុន សារ៉ាត





