រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយសមភាគីបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក ម៉ាស៊ីម រីហ្សេនកូវ (Maxim Ryzhenkov) កាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិននិងបេឡារុស្ស គឺជាដៃគូដែលគួរឱ្យទុកចិត្ត។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីពួកគេ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈចិន-បេឡារុស្ស បានរក្សាសន្ទុះដ៏រឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលសម្រេចបានលើវិស័យផ្សេងៗ។
លោក វ៉ាង បាននិយាយថា ឆ្នាំក្រោយគឺជាខួបលើកទី៣៥ នៃការបង្កើតចំណងការទូតរវាងចិន និងបេឡារុស្ស។ ដោយឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបេឡារុស្ស ដើម្បីអនុវត្តន៍តាមទិសដៅដែលប្រមុខរដ្ឋទាំងពីរបានកំណត់ ពង្រឹងការផ្លាស់ប្តូរនៅគ្រប់កម្រិត បង្កើនយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចលើកកម្ពស់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៃទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
លោកបាននិយាយថា ការគាំទ្រគ្នាទៅវិញទៅមកគឺជាលក្ខណៈពិសេសដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈចិន-បេឡារុស្ស។ ដូចសព្វមួយដង ប្រទេសចិននឹងគាំទ្របេឡារុស្សក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយបន្តដំណើរអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារុសក្រោមលេសណាមួយ។
លោក រីហ្សេនកូវ បាននិយាយថា ប្រមុខរដ្ឋទាំងពីរបានរក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ ដោយនាំទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតដែលមិនធ្លាប់មានពីមុនមក និងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ និងជាបងប្អូន។ លោកបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគាំទ្រ និងជំនួយយូរអង្វែងរបស់ខ្លួន ដោយលោកបាននិយាយថា ប្រទេសបេឡារុស្សនឹងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនដោយជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងទាញយកបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន។
លោកបានមានប្រសាសន៍ថា ប្រទេសបេឡារុស្សទន្ទឹងរង់ចាំខួបលើកទី៣៥ នៃចំណងការទូតនៅឆ្នាំក្រោយ ដែលជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជាឧស្សាហកម្ម ការវិនិយោគ និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងពង្រីកការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនថ្នាក់ក្រោមជាតិផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





