ប៉ូលិសឡាវបង្ក្រាបក្រុមល្បែងស៊ីសងតាមអនឡាញ និងក្រុមឆបោកតាមទូរគមនាគមន៍ដ៏ធំមួយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ -- ក្រុមការងារពិសេសមួយក្រោមក្រសួងសន្តិសុខសាធារណៈឡាវ ដោយសហការជាមួយប៉ូលិសចល័ត បានរុះរើបណ្តាញក្លែងបន្លំល្បែងស៊ីសងតាមអនឡាញ និងទូរគមនាគមន៍ដ៏សំខាន់មួយ ដោយចាប់ខ្លួនជនសង្ស័យជាង ៥០០នាក់។
ទីភ្នាក់ងារសារព័ត៌មាន KPL របស់ឡាវបានរាយការណ៍ថា ប្រតិបត្តិការនេះផ្តោតលើអគារជួលមួយនៅក្នុងភូមិដុងផូស៊ី ស្រុកហាដសៃហ្វុងទីក្រុងវៀងចន្ទន៍ ជាកន្លែងដែលអាជ្ញាធរបានចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជនកំពុងដំណើរការវេទិកាល្បែងស៊ីសងតាមអនឡាញ និងធ្វើគម្រោងក្លែងបន្លំទូរគមនាគមន៍ និងតាមអ៊ីនធឺណិត។
ក្នុងអំឡុងពេលចូលឆ្មក់បង្រ្កាបនោះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៩នាក់ រួមទាំងពលរដ្ឋឡាវ និងជនបរទេស ក្នុងនោះមានស្ត្រី៣០៩នាក់។ ពួកគេក៏បានរឹបអូសឧបករណ៍អេឡិចត្រូនិចមួយចំនួនធំផងដែររួមទាំងកុំព្យូទ័រលើតុចំនួន ១.៥១៧គ្រឿង កុំព្យូទ័រយួរដៃចំនួន ៤.០៤៥គ្រឿងនិងទូរស័ព្ទដៃចំនួន ៥.២៤៥គ្រឿង។
ការស៊ើបអង្កេតកំពុងបន្តដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនមេខ្លោង និងអ្នកសមគំនិតផ្សេងទៀត សម្រាប់ការដោះស្រាយយ៉ាងតឹងរ៉ឹងស្របតាមច្បាប់។
ក្រសួងសន្តិសុខសាធារណៈឡាវបាននិយាយថា ការបង្ក្រាបដោយជោគជ័យថ្មីៗនេះលើក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលបានរៀបចំឡើងត្រូវបានធ្វើឡើងដោយសារកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីសាធារណជន ដែលបានផ្តល់ព័ត៌មានដ៏មានតម្លៃ។
ក្រសួងក៏បានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅពេលប្រើប្រាស់វេទិកាផ្សព្វផ្សាយសង្គមផងដែរ ដើម្បីជៀសវាងក្លាយជាជនរងគ្រោះនៃក្រុមក្លែងបន្លំតាមអ៊ីនធឺណិត និងបញ្ឈប់ជាបន្ទាន់នូវល្បែងស៊ីសងគ្រប់ទម្រង់ ជាពិសេសល្បែងស៊ីសងតាមអនឡាញ។
ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់អំពីបុគ្គលអង្គការ ឬទីតាំងណាមួយដែលបង្ហាញសញ្ញានៃសកម្មភាពខុសច្បាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលសេដ្ឋកិច្ច ឬដោយទូរស័ព្ទទៅលេខ១៥៣៣ ដែលដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





