ឥណ្ឌូណេស៊ីផ្តល់អាទិភាពដល់ឯករាជ្យភាពថាមពល និងការផ្លាស់ប្តូរបៃតងក្រោមគោលនយោបាយថ្មី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះបានបង្ហាញគោលនយោបាយថាមពលជាតិរបស់ខ្លួនដែលគូសបញ្ជាក់ពីវិធានការនានាដើម្បីពង្រឹងការពឹងផ្អែកលើថាមពលដោយខ្លួនឯង បង្កើនសន្តិសុខថាមពល និងពន្លឿនការផ្លាស់ប្តូរទៅជាថាមពលស្អាត ដោយកំណត់អាទិភាពទាំងនេះជាសសរស្តម្ភសំខាន់ៗសម្រាប់សម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ដែលរៀបចំរួមគ្នានៅទីក្រុងហ្សាកាតា ដោយទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រសួងថាមពល និងធនធានរ៉ែ (ESDM) លោក ឌីវី អាងហ្គីអា អ្នកនាំពាក្យរបស់ក្រសួង ESDM បាននិយាយថា គោលនយោបាយថាមពលរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានបង្កើតឡើងស្របតាមរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយឯករាជ្យភាពថាមពលត្រូវបានកំណត់ថាជាអាទិភាពយុទ្ធសាស្ត្រ រួមជាមួយនឹងគោលដៅនៃការសម្រេចបាននូវភាពគ្រប់គ្រាន់នៃស្បៀងអាហារ។
ប្រទេសឥណ្ឌូណេស៊ី បានបង្កើតយុទ្ធសាស្ត្រសន្តិសុខថាមពលរបស់ខ្លួន ដោយផ្អែកលើគោលការណ៍នៃភាពអាចរកបាន ភាពងាយស្រួល តម្លៃសមរម្យ ការទទួលយកបាន និងនិរន្តរភាព។ ប្រទេសនេះក៏កំពុងអនុវត្តវិធានការជាច្រើនក្នុងពេលដំណាលគ្នាផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដែលនាំចូល បង្កើនចំណែកនៃថាមពលកកើតឡើងវិញនិងប្រើប្រាស់ធនធានថាមពលក្នុងស្រុករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាងមុន។
យោងតាមក្រសួង បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបញ្ជាឱ្យអនុវត្តកម្មវិធីប្រេងឥន្ធនៈប្រភេទ B50 ទូទាំងប្រទេស ដែលប្រើប្រាស់ប្រេងម៉ាស៊ូតលាយជាមួយប្រេងម៉ាស៊ូតជីវសាស្រ្តដែលមានមូលដ្ឋានលើប្រេងដូង ៥០% ខណៈដែលប្រទេសភាគច្រើនបច្ចុប្បន្នប្រើប្រាស់សមាមាត្រលាយត្រឹមតែ១០-២០% ប៉ុណ្ណោះ។ ការអនុវត្តនេះមិនត្រឹមតែជួយកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ និងសន្សំសំចៃអត្រាប្តូរប្រាក់បរទេសប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទីផ្សារស្ថិរភាពសម្រាប់ឧស្សាហកម្មប្រេងដូងរបស់ប្រទេស និងរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបផងដែរ។
រដ្ឋាភិបាលក៏បន្តចាត់ទុកឧស្ម័នធម្មជាតិជាប្រភពថាមពលអន្តរកាលផងដែរ។ ក្នុងន័យនេះ គម្រោង Abadi Masela ដែលជាគម្រោងឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងពង្រឹងសន្តិសុខថាមពលរបស់ប្រទេស និងជួយបំពេញតម្រូវការថាមពលក្នុងស្រុកដែលកំពុងកើនឡើង។
លោក អាងហ្គីអា បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូណេស៊ីនឹងបន្តទាញយកអត្ថប្រយោជន៍ពីធនធានថាមពលក្នុងស្រុកដ៏សម្បូរបែបរបស់ខ្លួន និងបង្កើនការវិនិយោគលើថាមពលកកើតឡើងវិញ រួមទាំងថាមពលកំដៅផែនដីថាមពលព្រះអាទិត្យ វារីអគ្គិសនី និងឥន្ធនៈជីវសាស្រ្ត ដោយមានគោលបំណងកសាងប្រព័ន្ធថាមពលចម្រុះ ប្រកបដោយចីរភាព និងភាពធន់ដែលមានសមត្ថភាពទប់ទល់នឹងការប្រែប្រួលនៃទីផ្សារថាមពលពិភពលោក៕





