វ៉ាក់សាំងជប៉ុនក្លាយជាវ៉ាក់សាំងដំបូងគេដែលត្រូវបានអនុម័តដោយប្រទេសឥណ្ឌាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនឱសថតាកេដារបស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងជំងឺគ្រុនឈាមដែលបង្កើតឡើងដោយក្រុមហ៊ុននេះហើយ។
ការអនុម័ត QDENGA គឺជាវ៉ាក់សាំងជំងឺគ្រុនឈាមដំបូងគេដែលត្រូវបានអនុម័តនៅក្នុងប្រទេសឥណ្ឌាសម្រាប់ប្រើប្រាស់ចំពោះបុគ្គលដែលមានអាយុចាប់ពី ០៤ឆ្នាំ ទៅ ៦០ឆ្នាំ។
ក្រុមហ៊ុនឱសថតាកេដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«យើងមានមោទនភាពក្នុងការចែករំលែកថា វ៉ាក់សាំងជំងឺគ្រុនឈាមរបស់យើងត្រូវបានអនុម័តដោយអង្គការត្រួតពិនិត្យស្តង់ដារឱសថកណ្តាលរបស់ប្រទេសឥណ្ឌា (CDSCO) - ដែលជាការអនុម័តវ៉ាក់សាំងជំងឺគ្រុនឈាមលើកដំបូងនៅក្នុងប្រទេសឥណ្ឌា»។
ក្រុមហ៊ុននេះបាននិយាយថា ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងនៅក្នុងពេលវេលាដ៏សំខាន់មួយ ខណៈដែលករណីជំងឺគ្រុនឈាមដែលត្រូវបានរាយការណ៍នៅតែបន្តកើនឡើងទូទាំងពិភពលោក ហើយគំរូនៃការចម្លងកាន់តែមិនអាចទាយទុកជាមុនបាន។
ក្រុមហ៊ុនបាននិយាយថា «ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជំងឺគ្រុនឈាមរាតត្បាតធំជាងគេបំផុតរបស់ពិភពលោកប្រទេសឥណ្ឌាមានបន្ទុកជំងឺគ្រុនឈាមទូទាំងពិភពលោកយ៉ាងច្រើន។ ការអនុម័តនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺគ្រុនឈាមសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺនេះ»។
ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺគ្រុនឈាមមួយចំនួនធំជារៀងរាល់ឆ្នាំ។កំណត់ត្រាផ្លូវការបង្ហាញថា ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះបានកត់ត្រាជំងឺគ្រុនឈាមចំនួន ១២១.៨២៤ករណី និងករណីស្លាប់ចំនួន១៣១នាក់កាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





